ភ្នំពេញ ៖ កម្លាំងនគរបាលស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកបានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ក្រុមជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួននៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង២២និង០៥នាទី។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការស្រុកបានឱ្យដឹងដថាកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានឃាត់ឈ្មោះ ឈៀ ឈាន ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងដកហូតបានម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន ១កញ្ចប់តូច នៅតាមផ្លូវចូលភូមិខាងលើ។ ក្រោយពីធ្វើការសាកសួរ មុខសញ្ញាខាងលើបានឆ្លើយសារភាព គ្រឿងញៀនខាងលើជារបស់ឈ្មោះ មៀច បូលីនហៅលីន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិជាមួយគ្នា។
បន្ទាប់មកបានបន្តធ្វើការឃាត់ខ្លួនឈ្មោះ មៀច បូលីន នៅនឹងផ្ទះរបស់ខ្លួន និងបានធ្វើការឆែកឆេរផ្ទះដកហូតបានម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន ១កញ្ចប់ធំ, ជញ្ជីងមួយ, ទូរស័ព្ទដៃ មួយគ្រឿង និងដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួនមួយ ដោយមានការចូលរួមពីលោកក្រុមព្រឹក្សាឃុំ លោកមេភូមិ។
សរុបមនុស្ស ២នាក់ គ្រឿងញៀនចំនួន ២កញ្ចប់ ( តូចមួយកញ្ចប់ ធំមួយកញ្ចប់), ទូរស័ព្ទ មួយគ្រឿង, ជញ្ជីងមួយ និង ដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួនមួយ។ បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងសាកសួរយកចម្លើយនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីវិតិធី ៕