កណ្តាល ៖ បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីរាយខ្សែលួសឆក់កណ្តុរ បែរជាឆក់ខ្លួនឯង។ ហេតុការណ៍ខាងលើកើតឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៦និង៥៣នាទីព្រឹក នៅចំណុចភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ម៉ៅ ឆៃលាង ភេទប្រុស អាយុ៣១ឆ្នាំជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។វត្ថុតាងចាប់យក៖ អាគុយម៉ាក SB N70L មួយគ្រឿងអាំងវរទ័រ មួយគ្រឿង, ខ្សែលួសពណ៌សប្រវែង៥៣០ម៉ែត្រ។
ប្រភពដដែលបន្តថាកាលពីនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង២១និង០៥នាទី ជនរងគ្រោះ បានយកឧបករណ៍ឆក់កណ្តុរទៅរាយឆក់កណ្តុរនៅឯវាលស្រែភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល តែម្នាក់ឯង។ លុះដល់ព្រឹកឡើងថ្ងៃទី២៤ ខែឆ្នាំដដែល ឈ្មោះ ខែម សុខុន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិឃុំជាមួយ ដែលត្រូវជាបងថ្លៃបានប្រទះឃើញជនរងគ្រោះដេកស្លាប់នៅវាលស្រែ ដោយដេកជាប់ជាមួយខ្សែរលួសឆក់កណ្តុរ រួចក៏បាននាំសាច់ញាតិយកជនរងគ្រោះមកផ្ទះបន្ទាប់មកក៏បានរាយការណ៍ជូនសមត្តកិច្ចប៉ុស្តិ៍រដ្ឋបាលកំពង់ស្វាយ ។ ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍សហការជាមួយផ្នែកពិនិត្យវិភាគកន្លែងកើតហេតុអាជ្ញាមូលដ្ឋាន និងគ្រូពេទ្យឃុំចុះពិនិត្យសាកសពនិងបានបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែលួសឆក់កណ្តុរប្រាកដមែនហើយបានប្រគល់សាកសពអោយទៅក្រុមគ្រួសារយកទៅធើ្វបុណ្យតាមប្រពៃណី៕