ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងមានការបញ្ជាផ្ទាល់ពី លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យរដ្ឋបាលទ្រង់ទ្រាយធំ កាលពីវេលាម៉ោង៩និង១៥ នាទីព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចសំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ ស្ថិតក្រោយរោងចក្រតាក់ហ្វាត ក្នុង ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលជាតំបន់ស្មុគស្មាញ និង ប្រមូលផ្តុំដោយបណ្តុំប្រើប្រាស់ និង ចែកចាយថ្នាំញៀន ។
ជាលទ្ធិផល ក្នុងការចុះពិនិត្យរដ្ឋបាលខាងលើ កម្លាំងអាជ្ញាធរចម្រុះ បានឃាត់ខ្លួនមនុស្សចំនួន១០នាក់ ក្នុងនោះស្រី៣នាក់ ដោយដកហូតបានថ្នាំញៀន១កញ្ចប់ រួមជាមួយវត្ថុតាង រួមជាមួយឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនធំ ។
ក្នុងនោះដែរ អាជ្ញាធររុះរើរផ្ទះខ្ទមតូចៗចំនួន៤ខ្ទម និងផ្ទះ១ខ្នងទៀត ត្រូវធ្វើកំណត់ហេតុបិទទ្វារបណ្តោះអាសន្នសិន ។ ការសម្រេចអោយធ្វើការវាយកម្ទេច និងបិទទ្វារផ្ទះបណ្តោះអាសន្នខាងលើនេះ ធ្វើឡើងដោយមានការឯកភាព ពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកអ៊ុំ សុភក្តិ ផងដែរ ។
លោក ឌី រ័ត្នខេមរុណ បានឲ្យដឹងថា ផ្ទះខ្ទមតូចៗ ៤ខ្នងដែលត្រូវអាជ្ញាធររុះរើវាយកម្ទេចចោលនៅពេលនេះ គឺជាអតីតផ្ទះខ្ទមដែលអាជ្ញាធរធ្លាប់បានរុះរើរកម្ទេចចោលម្តងរួមមកហើយ ហើយក៏មិនអនុញ្ញាតបន្តឲ្យមានជាសំណង់ថ្មី លើផ្ទៃដីចាស់ដែរ ប៉ុន្តែក្រុមជនទុច្ចរិតឆ្លៀតឱកាសចូលទៅសាងសង់ឡើងវិញដោយខ្លួនឯង ព្រោះតំបន់នោះសុទ្ធសឹងជាសំណង់មិនរៀបរយ ពិបាកសម្រាប់អាជ្ញាធរតាមដានអង្កេតណាស់។ យ៉ាងណាមិញ បើទោះបីជាមានការសាងសង់ថ្មី ក៏អាជ្ញាធរ នៅតែរុះរើរកម្ទេចចោលដដែល ហើយប្រសិនបើអាជ្ញាធររកឃើញថា ជនណាម្នាក់ជាអ្នកនៅពីក្រោយការសាងសង់សំណង់លើផ្ទៃដីហាមឃាត់នេះ ឬកំពុងស្នាក់នៅកំឡុងពេលប្រតិបត្តិការ ពួកគេនឹងត្រូវឃាត់ខ្លួន កសាងសំណុំរឿងតាមនីតិវិធីច្បាប់តែម្តង។
លោកអភិបាលរងបន្ថែមថា សំណង់លំនៅឋានតូចៗជាច្រើននៅចំណុចខាងលើ សុទ្ធសឹងជាសំណង់សង់ឡើងពីឈើប្រក់សង្ក័សី ហើយក៏ជាប្រភេទសំណង់អាណាធិបតេយ្យ ពោលគ្មានច្បាប់ទម្លាប់អ្វីទាំងអស់ ដូច្នេះហើយប្រសិនបើទីតាំងណាមួយដែលមានជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ ពិសេសការយកទីតាំងធ្វើជាកន្លែងប្រព្រឹត្តបទល្មើសផ្សេងៗ ប៉ះពាល់ដល់សង្គមពលរដ្ឋ ក៏ដូចជាសង្គមជាតិនោះ អាជ្ញាធរនឹងធ្វើការរុះរើរទីតាំងនោះចោល ហើយនឹងមិនបន្តអនុញ្ញាតឲ្យមានជាសំណង់សាងសង់ថ្មីលើផ្ទៃដីចាស់បានទៀតជាដាច់ខាត ។
អធិការនគរបាលខណ្ឌ លោកវរសេនីយ៍ឯក តេង ស៊ីណូ បញ្ជាក់ឲ្យដឹងថា ខ្ទមតូចៗ៤ខ្នង ដែលរុះរើរពេលនេះ ជាទីតាំងដែលប្រមូលផ្តុំទៅដោយការពពាក់ពពួនក្រុមជួញដូរ និងប្រើប្រាស់ថ្នាំញៀនយ៉ាងសកម្មបំផុត។ ហើយកន្លងមកកម្លាំងសមត្ថកិច្ចតែងតែធ្វើការបង្ក្រាបគ្រឿងញៀនបានជាបន្តបន្ទាប់នៅចំណុចខាងលើផងដែរ ៕