ភ្នំពេញ ៖ ជនជាតិវៀតណាមចំនួន១៣នាក់ ត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានស៊ើបអង្កេតនិងអនវត្តនីតិវិធីចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធរស់នៅនិងធ្វើការតាមគ្មានលិខិតស្នាមគ្រប់គ្រាន់។
លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីរាជធានីភ្នំពេញបានឱ្យដឹងថាក្នុងប្រតិបត្តិការខាងលើបានធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ០៩និង៣០នាទី ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការរងទទួលផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញដឹកនាំដោយ លោកអនុសេនីយ៍ឯក ឌី គឹមហេង ជានាយរងការិយាល័យ សហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក ខណ្ឌ៧មករា និងខណ្ឌចំការមន សម្របសម្រួលផ្លូវច្បាប់ដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យ ជនជាតិវៀតណាម ដែលឆ្លងដែន និងធ្វើការខុសច្បាប់ចំនួន០៣ទីតាំង។
លោកនាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីរាជធានីភ្នំពេញបានបន្តថាក្នុងប្រតិបត្តិការខាងលើកម្លាំងជំនាញបានត្រួតពិនិត្យជនជាតិវៀតណាម សរុបចំនួន១៣នាក់ (ស្រី០៧នាក់)ចំនួន៣ទីតាំង។
-ទីតាំងទី១៖ ហាងកាហ្វេ ,លក់គឿងសមុទ្រ ,ហាងលក់ហ្វើ ស្ថិតនៅ ផ្លូវលេខ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ជាលទ្ធផលបានពិនិត្យឃើញ ជនជាតិវៀតណាមចំនួន ០៨នាក់ (ស្រី០៣នាក់)។
-ទីតាំងទី២៖ទីតាំងលក់ហ្វើ(ឡុង ភី) ផ្ទះលេខ៣B ផ្លូវលេខ៣៦០សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ជាលទ្ធផលពិនិត្យឃើញ ជនជាតិវៀតណាមចំនួន០១នាក់ប្រុស។
-ទីតាំងទី៣៖ហាងកាហ្វេ ស្ថិតនៅផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោកជាលទ្ធផល ពិនិត្យឃើញ ជនជាតិវៀតណាម ចំនួន (០៤នាក់ស្រី) ៕