ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្តកោះកុង​ត្រូវ​មន្ត្រី​ក្រោម​ឱវាទ​ប្តឹង​ពាក់ព័ន្ធ​ភាព​មិន​ប្រក្រតី​

13-June-2018 | ដោយ ពលមនសិការ

​កោះកុង​ ៖​ ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ និង​សិប្បកម្ម​ខេត្តកោះកុង​ បាន​រង​ការ​ចោទប្រកាន់​ពី​ មន្ត្រី​ក្រោម​ឱវាទ​ និង​និវត្តន៍​ជនតា​មរយៈ​ការ​ដាក់​បណ្តឹង​ចូល​រដ្ឋមន្ត្រីក្រសួង​ពាក់ព័ន្ធ​ ការ​ប្រព្រឹត្ត​អំពើ​មិន​ប្រក្រតី​ក្នុង​ដែន​គ្រប់គ្រង​របស់​ខ្លួន​។​

មន្ត្រី​ក្រោម​ឱវាទ​ និង​និវត្តន៍​ជន​១៨​គ្រួ​សារបាន​រៀបរាប់​ថា​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ខ្លឹម​ គគីរ​ ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ និង​សិប្បកម្ម​ខេត្តកោះកុង​បាន​ធ្វើ​ឲ្យ​មានការ​បែកបាក់​ផ្ទៃក្នុង​យ៉ាងធ្ងន់ធ្ងរ​ ដោយ​លោក​ប្រធាន​បាន​បង្កើត​បក្ខពួក​ ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ និង​គម្រាមកំហែង​មន្ត្រី​ក្រោម​ឱវាទ​។​

ជាក់ស្តែង​ ពាក់ព័ន្ធ​នឹង​ករណី​ដំណោះស្រាយ​ដីធ្លី​ជូន​មន្ត្រី​ និង​ពលរដ្ឋ​១៨​គ្រួសារ​ដែល​ រស់នៅ​ពិត​ប្រាកដជា​យូរ​ឆ្នាំ​លើ​ដី​របស់​មន្ទីរ​ត្រូវ​ជាប់​គាំង​ដោយសារ​តែ​លោក​ប្រធាន​មន្ទីរ​រារាំង​ និង​បង្កើន​ចំនួន​គ្រួសារ​បន្ថែម​ទ្វេ​ដង​។​

​ប្រភព​បាន​បញ្ជាក់​ថា​ចំនួន​មន្ត្រីរាជការ​ និង​មន្ត្រី​ចូល​និវត្តន៍​ដែល​រស់នៅ​ជាក់ស្តែង​ លើ​ដី​របស់​មន្ទីរ​ចាប់តាំងពី​ឆ្នាំ​១៩៩១​ រហូត​មក​ដល់​សព្វថ្ងៃ​មាន​តែ​១៨​គ្រួសារ​ប៉ុ​ណ្ពោះ​។​ ប៉ុន្តែ​ពេល​មាន​គោលការណ៍​ពី​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បែងចែក​ដី​ជា​កម្មសិទ្ធិ​ បែរជា​លោក​ប្រធាន​មន្ទីរ​បង្កើន​តួលេខ​បន្ថែម​ រួច​ធ្វើ​របាយការណ៍​ភូត​កុហក​ទៅ​ថ្នាក់លើ​បន្ថែមចំនួន​រហូត​ដល់​៣២​គ្រួសារ​ដើម្បី​ទទួល​បាន​ចំណែក​ផ្ទាល់ខ្លួន​ និង​បក្ខពួក​។​

​ចំណែក​មន្ត្រីរាជការ​ដែល​រង​នូវ​ការ​គម្រាមកំហែង​ និង​គាបសង្កត់​វិញ​ បាន​ត្រឹមតែ​ឱបដៃ​អង្គុយ​មើល​ដោយ​មិន​ហ៊ាន​បញ្ចេញ​ពាក្យ​សម្តី​តវ៉ា​រក​ខុស​ត្រូវ​ឡើយ​។​

​ជាក់ស្តែង​ករណី​លោក​ អាន​ និមល​ ដែល​ចេញ​មុខ​តវ៉ា​នៅ​មន្ទីរ​ដើម្បី​រក​យុត្តិធម៌​សម្រាប់​ខ្លួន​ ព្រមទាំង​មន្ត្រីរាជការ​ និង​និវត្តន៍​ជន​១៧​គ្រួសារ​នោះ​ ទីបំផុត​ត្រូវ​លោក​ប្រធាន​មន្ទីរ​រាយការណ៍​ បម្រុង​ដក​ចេញពី​តំណែង​ទៅ​បញ្ឈរជើង​នៅ​ក្រសួង​ថែម​ទៀត​។​

​តាម​ប្រភព​ក្រៅផ្លូវការ​មួយ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ រឿង​ដែល​លោក​ ខ្លឹម​ គគីរ​ ហ៊ាន​យក​អំណាច​របស់​ខ្លួន​ទៅ​គាបសង្កត់​ គម្រាមកំហែង​មន្ត្រី​ក្រោម​ឱវាទ​នោះ​ក៏​ព្រោះតែ​មាន​មន្ត្រី​ថ្នាក់​អ​ន្ទ្រើ​ស​នៅ​ក្រសួង​ពីរ​រូប​ជា​បង្អែក​ ឬ​អាច​និយាយ​បាន​ថា​ជាដើម​គំនិត​បំណង​ទទួលផល​ចំណេញ​ក្នុង​រឿង​ដោះស្រាយ​គោលនយោបាយ​ដីធ្លី​នេះ​។​

​ប៉ុន្តែ​នៅ​ពេល​លោក​ទេស​រដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​យល់​ជ្រាប​ពី​ការ​ប្រព្រឹត្ត​មិន​ប្រក្រតី​នោះ​ អ្នក​ទាំង​ពីរ​បាន​ដោះដៃ​ចេញ​ធ្វើ​ឱ្យ​លោក​ ខ្លឹម​ គគីរ​ ហាក់​ទទួល​រង​នូវ​ទម្ងន់​ផ្ទាំង​ថ្ម​បាក់​តែ​ម្នាក់ឯង​។​

​តាម​រយៈ​ការ​លើក​ឡើង​ពី​ភាព​មិន​ប្រក្រតី​ទាំងនេះ​ មន្ត្រីរាជការ​ជា​ច្រើន​នៅ​មន្ទីរ​ឧស្សាហកម្ម​ និង​សិប្បកម្ម​ខេត្តកោះកុង​បាន​សំណូមពរ​ដល់​លោក​ទេស​រដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ មេត្តា​បញ្ជូន​ ក្រុម​អធិការកិច្ច​ក្រសួង​ចុះ​មក​តាមដាន​ដើម្បី​ស្វែងរក​កា​ពិត​ និង​ផ្តល់​យុត្តិធម៌​ចំពោះ​សុចរិត​ជន​ពិតប្រាកដ​ផង​ ។​

​លោក​ ខ្លឹម​ គគី​ ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ និង​សិប្បកម្ម​ខេត្តកោះកុង​ មិន​អាច​សុំ​ការ​បំភ្លឺ​ទាក់ទិន​ការ​ចោទប្រកាន់​ខាងលើ​បាន​នៅឡើយ​ ដោយ​លោក​គ្រាន់តែ​បាន​ទទួល​ទូរស័ព្ទ​ ហើយ​ឆ្លើយ​ថា​ លោក​ពុំ​ទាន់​មាន​ពេលទំនេរ​សម្រាប់​បកស្រាយ​នៅឡើយ​ទេ​ ៕

ចំនួនអ្នកទស្សនា

    20621807

  • ថ្ងៃនេះ8541
  • ម្សិលមិញ9421
  • សប្តាហ៍នេះ64201
  • ខែនេះ179351
  • ឆ្នាំនេះ179351
  • សរុប20621807