អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចាត់វិធានការ​យ៉ាង​តឹង​រឹង​ចំពោះ​ការ​បង្ហោះ​Drone​ នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

14-June-2018 | ដោយ ពលមនសិការ

សៀមរាប​៖​ ដើម្បី​ទប់ស្កាត់​ការ​បង្ហោះ​យន្តហោះ​ខ្នាត​តូច​ (Drone)​ ក្នុង​តំបន់​អង្គរ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន​ នា​រសៀល​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៨​ អាជ្ញាធរ​ជាតិ​អប្សរា​ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ស្ថាប័ន​ជំនាញ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងៗ​ដូច​ជា​ តំណាង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា​ តំណាង​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ តំណាង​សាលាខេត្ត​សៀមរាប​ តំណាង​ស្នងការ​នគរបាល​ខេត្តសៀមរាប​ តំណាង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ប្រធាន​នាយកដ្ឋាន​នគរបាល​ទេសចរណ៍​ តំណាង​នាយកដ្ឋាន​នគរ​ការពារ​បេតិកភណ្ឌ​ តំណាង​គ្រឹះ​សា្ថ​ន​អង្គរ​ ប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប​ តំណាង​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​ តំណាង​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​ សមាគម​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍​ទាំង​៦​នៅ​ខេត្តសៀមរាប​ តំណាង​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​ និង​មេធាវី​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ជាដើម​ ដើម្បី​រិះរក​វិធានការ​ស្របច្បាប់​ និង​អាច​អនុវត្ត​បាន​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ការ​រៀបចំ​កិច្ចប្រជុំ​នេះ​ឡើង​ ស្រប​ពេល​ដែល​ការ​លួច​បង្ហោះ​ Drone​ ក្នុង​រមណីយដ្ឋាន​អង្គរ​មានការ​កើនឡើង​យ៉ាង​គំហុក​ ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​ ពោល​គឺ​ត្រីមាស​ទី​១​ ឆ្នាំ​២០១៧​ មាន​ចំនួន​៥៨​គ្រឿង​ និង​ត្រីមាស​ទី​១​ឆ្នាំ​២០១៨​ មាន​រហូត​ដល់​ចំនួន​ ១៥៨​គ្រឿង​ បើ​ទោះជា​អាជ្ញាធរ​ជាតិ​អប្សរា​ធ្លាប់​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាម​រយៈ​សេចក្តីជូនដំណឹង​លេខ​៦៧៧/១៦​រប​.​ស​ជ​ណ​ ហើយ​ក្រុមការងារ​បាន​ព្យាយាម​ទប់ស្កាត់​យ៉ាងណា​ក្តី​។​ ការ​រៀបចំ​កិច្ចប្រជុំ​នេះ​ គឺ​ក្នុង​គោលដៅ​ពិភាក្សា​ រក​វិធីសាស្ត្រ​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​ទៅ​កាន់​អ្នក​ប្រើប្រាស់​Drone​ និង​រិះរក​វិធានការ​ពិន័យ​តឹង​រឹង​បន្ថែម​ទៀត​។​

​ឯកឧត្តម​ សុខ​ សង្វារ​ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ មាន​ប្រសាសន៍​ថា​ កំណើន​នៃ​Drone​ក្នុង​តំបន់​អង្គរ​នេះ​ វា​ជា​ហានិភ័យ​ដល់​ប្រាង្គ​ប្រាសាទ​នានា​ បង្ក​ការ​រំខាន​ និង​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​រមណីយដ្ឋាន​អង្គរ​ និង​ភ្ញៀវ​ទេសចរ​ថែម​ទៀត​។​ ម្យ៉ាងវិញទៀត​ Drone​ ជា​បច្ចេកវិជ្ជា​ដ៏​ទំនើប​ ដែល​អាច​បង្ក​ភាព​ងាយស្រួល​ ដល់​ក្រុម​ភេរវកម្ម​ក្នុង​ការ​បំផ្លាញ​ដល់​រមណី​ដ្ឋា​ន​បេតិកភណ្ឌ​ពិភពលោក​ផង​ដែរ​។​

​លោក​ ក្រូច​ វ៉ា​ន់​ឌី​ អនុប្រធាន​នាយកដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​ បញ្ជាក់​ថា​ ជា​គោលការណ៍​ កន្លង​មក​ លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​បាន​កំណត់​មិន​ឲ្យ​មាន​ប្រើប្រាស់​Drone​ជា​លក្ខណៈ​បុគ្គល​ឡើយ​។​ អាច​អនុញ្ញាត​បាន​តែ​ក្នុង​ករណី​ក្រុមហ៊ុន​មាន​ចុះបញ្ជី​ត្រឹមត្រូវ​ និង​អាច​អនុញ្ញាត​ឲ្យ​បង្ហោះ​ក្នុង​រយៈ​ចម្ងាយ​១៥០​គម​ ពី​តំបន់ហាមឃាត់​ និង​មិន​ឲ្យ​ហួស​ពី​កម្ពស់​១៥០​ម៉ែត្រ​ពី​ដី​។​

​ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​ ឡាយ​ ប៊ុ​ន​ថន​ ប្រធាន​នាយកដ្ឋាន​នគរបាល​ទេសចរណ៍​ បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​រឹត​បន្តឹង​នូវ​វិធានការ​ទប់ស្កាត់​ និង​បង្ក្រាប​នូវ​ការ​បង្ហោះ​Drone​ក្នុង​តំបន់ហាមឃាត់​ ជា​ពិសេស​គឺ​រមណីយដ្ឋាន​អង្គរ​តែ​ម្តង​។​ ឯកឧត្ដម​បញ្ជាក់​ថា​ វិធានការ​ដែល​សំខាន់​គឺ​ការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​អ្នក​លួច​បង្ហោះ​បាន​ តាម​រយៈ​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ គ្រប់​ទីតាំង​សំខាន់ៗ​ដែល​ភ្ញៀវ​ទេសចរ​ឆ្លងកាត់​ និង​ស្នាក់​នៅ​ មុន​នឹង​ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​កម្សាន្ត​។​

​ជា​លទ្ធផល​ កិច្ចប្រជុំ​នេះ​បាន​ព្រមព្រៀង​គ្នា​ដើម្បី​បង្កើត​ក្រុមការងារ​ចម្រុះ​មួយ​ដែល​នឹង​ពិភាក្សា​ទៅ​លើ​អង្គច្បាប់​ ដើម្បី​ចាត់វិធានការ​តឹង​រឹង​បន្ថែម​ទៀត​។​ ចំណែក​វិធានការ​ជា​បណ្តោះអាសន្ន​ គឺ​ត្រូវ​ចាប់​Drone​រក្សា​ទុក​មួយ​រយៈ​ជា​បណ្តោះអាសន្ន​ និង​តម្រូវ​ឲ្យ​ម្ចាស់​បំពេញបែបបទ​ស្នើ​សុំ​តាម​ក្រោយ​។​

​ជាមួយ​គ្នា​នេះ​ អាជ្ញាធរ​ជាតិ​អប្សរា​និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ នឹង​រៀបចំ​ការ​ផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត​ នូវ​បម្រាម​ប្រើប្រាស់​Drone​ក្នុង​តំបន់​អង្គរ​ ដូច​ជា​ ការ​បោះពុម្ព​ផ្ទាំង​ប៉ាណូ​ធំៗ​ ការ​ដាក់​សញ្ញា​ហាមឃាត់​នៅ​លើ​បណ្ណ​ទស្សនា​ និង​ការ​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​ទេសចរណ៍​ជាដើម​ ៕

ចំនួនអ្នកទស្សនា

    20618447

  • ថ្ងៃនេះ5181
  • ម្សិលមិញ9421
  • សប្តាហ៍នេះ60841
  • ខែនេះ175991
  • ឆ្នាំនេះ175991
  • សរុប20618447