ពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយរថយន្តមិនស្គាល់ម៉ាកបុកយ៉ាងពេញទំហឹង ករណីនេះកើតឡើងនៅចំណុចមុខសាលាស្រុកបាកាន ស្ថិតលើផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២០២-២០៣ ក្នុងភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់កាលពីវេលាម៉ោង២០និង២៥នាទីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្ន២០១៨។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុបុរសរងគ្រោះឈ្មោះ រស់ រិទ្ធិស័ក ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកោះកែវ ឃុំត្រពាំង ជងស្រុកបាកាន ខេត្តពោធិ៍សាត់ បានជិះម៉ូតូម៉ាកស៊ុយស៊ុយគីវីវ៉ា ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ1G-0687 បើកបរក្នុងទិសដៅពីកើតទៅលិចមកដល់ចំណុចខាងលើស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកក្នុងទិសដៅបញ្ច្រសទិសគ្នា បុកយ៉ាងពេញទំហឹងបណ្តាលឱ្យបុរសរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែង ។ សាក្សីរូបនោះបានបន្តថាក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកបាកានលោកវរសេនីយ៍ត្រីព្រំ តូរ៉ា អធិការរងបានឱ្យដឹងថាជនរងគ្រោះឈ្មោះ រស់ រិទ្ធិសក្កិ ជាមន្ត្រីនគរបាលបម្រើការងារនៅអធិការដ្ឋាននគរបាលស្រុកបាកាន។ ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលបានចុះដល់កន្លែងកើតហេតុក៏មានការភ្ញាក់ផ្អើលឃើញជនរងគ្រោះស្លាប់នៅលើផ្លូវថ្នល់ជាមួយនិងម៉ូតូរបស់ខ្លួន ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរករថយន្តបង្កដើម្បីឃាត់យកមកកាន់អធិការដ្ឋាននគរបាលស្រុកកសាងសំណុំរឿងតាមនិតិវិធី ៕