ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១១និង១០នាទី សមត្ថកិច្ចនគរបាលផ្នែកយុត្តិធម៌ ខណ្ឌច្បារអំពៅ ចាប់ខ្លួនជនល្មើសម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០០១ អ.យ.ក ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ចេញដោយលោកគុជ គីមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទអំពើអូសទាញពេស្យាចារកុមារ ប្រព្រឹត្តនៅចំណុចអាផាតមេនឌីអឹម ផ្លូវ៤៧០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន កាលពីដើមឆ្នាំ២០១៧។
លោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅបានឱ្យដឹងថាជនសង្ស័យឈ្មោះ ជា សុខធី ភេទ ស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចាប់ខ្លួននៅភូមិដើមម៉ាកក្លឿ សង្កាត់ច្បារ អំពៅ១ ខណ្ឌច្បារអំពៅ។ (ជនល្មើសរូបនេះត្រូវបានសមត្ថកិច្ចពន្ធនាគារព្រៃស បញ្ជូនមកសម្រាលកូននៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក រួចក៏រត់គេចខ្លួនកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២រំលងអាធ្រាតនៅក្នុងមន្ទីរពេទ្យ) ៕