កណ្ដាល៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយនគរបាលក្រុងតាខ្មៅ ឆ្មក់ចូលទៅបង្ក្រាបទីតាំងលួចលាក់បើកល្បែងស៊ីសង(ភ្នាល់បាល់ កេណូនិងកត់កន្ទុយលេខ)ដ៏ធំមួយ ជ្រកក្រោមស្លាកស្ពតកាហ្វេ ស្ថិតក្នុងភូមិតាខ្មៅ១ សង្កាត់/ក្រុងតាខ្មៅ ខេត្ដកណ្ដាល កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ចាប់ខ្លួនបានជនសង្ស័យចំនួន៦នាក់ និងវត្ថុតាងពាក់ព័ន្ធជាច្រើនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។
មន្ដ្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ដបានឲ្យដឹងថា ជនសង្ស័យ៦នាក់ដែលត្រូវបានចាប់ខ្លួននោះ ទី១-ឈ្មោះ ប្រាក់ បុងហ៊ុយ ភេទប្រុស អាយុ១៧ឆ្នាំ (បុគ្គលិក) មានទីលំនៅភូមិកណ្តាល សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ទី២-ឈ្មោះ ហ៊ែល ឧស្សាហ៍ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរបុគ្គលិក មានទីលំនៅផ្ទះជួល ឃុំចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ទី៣-ឈ្មោះ គាំ អូនរស្មី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរបុគ្គលិក មានទីលំនៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ទី៤-ឈ្មោះ ប៉ម មេសា ភេទប្រុស អាយុ៣៨ឆ្នាំ អ្នកលេងល្បែងភ្នាល់បាល់ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ទី៥-ឈ្មោះ ហេង រ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ អ្នកលេងល្បែងភ្នាល់បាល់ មានទីលំនៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក និងទី៦-ឈ្មោះ កើ សាន់ ភេទប្រុស អាយុ៤៦ឆ្នាំ អ្នកលេងល្បែងភ្នាល់បាល់ មានទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមាន ។
ប្រភពដដែលបន្ដថា ក្រៅពីឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានធ្វើការរឹបអូសវត្ថុតាងពាក់ព័ន្ធរួមមាន៖ ១-ម៉ាស៊ីនម៉ូនីទ័រ៤គ្រឿង ២-កំព្យូទ័រ៦គ្រឿង ៣-ម៉ូតូ៦គ្រឿង ៤-ប្រាក់រៀលចំនួន១,៧០០,០០០រៀល ប្រាក់ដុល្លារចំនួន១៣៣ដុល្លារសហរដ្ឋអាមេរិក ៥-ម៉ាស៊ីនគិតលេខ៣គ្រឿង ៦-ម៉ាស៊ីនព្រីន បុងបាល់២គ្រឿង ៧-រ៉ូលបាល់៤ដុំធំៗ ៩-ធុងហិបឆ្នោត១ធុង ១០-សន្លឹកឆ្នោតផ្សងសំណាង៧ដុំធំៗ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។
លោក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល និងការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងទទួលផែនរួចមក លោកបានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងនគរបាលក្រុងតាខ្មៅ ចុះធ្វើការស្រាវជ្រាវឈានដល់ឆ្មក់ចូលទៅបង្ក្រាបទីតាំងលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ ជ្រកក្រោមស្លាកយីហោស្ពតកាហ្វេ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធ៦នាក់និងវត្ថុតាងខាងលើនេះ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕