កំពង់ធំ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញជាអធីបតីភាពក្នុងពិធីសំណេះសំណាល និងបើកពិធីត្រួតពិនិត្យព្យាបាលសុខុមាលភាពដល់មន្ត្រីនគរបាល នៅអធិការដ្ឋាននគរបាលស្រុកស្ទោង។ សមាសភាពអញ្ជើញចូលរួម នាយ នាយរងការិយាល័យសុខាភិបាល អធិការ អធិការនគរបាលរង នាយ នាយរងផ្នែក នាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលនិងមន្ត្រីនគរបាលទាំង ១៣ឃុំ ចូលរួមប្រមាណ ៩៤នាក់ ស្រី ៥នាក់។
លោកវរសេនីយ៍ឯក យ៉ង សំ អធិការនគរបាលស្រុកស្ទោង បានធ្វើរបាយការណ៍ស្វាគមន៍ អំពីស្ថានភាពកងកម្លាំងនគរបាលចំណុះអធិការដ្ឋាននគរបាលស្រុកស្ទោង កងកម្លាំងនគរបាលសរុបចំនួន ១៣៥នាក់ស្រី ៦នាក់ "កម្លាំងជំនាញចំនួន ៣១នាក់ ស្រី២នាក់ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល១០៤នាក់ ស្រី០២នាក់"។
លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល បាននាំយកប្រសាសន៍ផ្ដាំផ្ញើរ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ តែងតែសួរសុខទុក្ខ ដល់កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ អំពីបញ្ហាសុខុមាលភាព របស់មន្ត្រីនគរបាលជាតិ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងកម្លាំងនគរបាល នៃអធិការរដ្ឋាននគរបាលស្រុកស្ទោង ដែលបានខិតខំចូលរួមយ៉ាងសកម្ម ដោយអនុវត្តបាន អំពីតួនាទី ភារកិច្ច របស់ខ្លួន ក្នុងកិច្ចប្រតិបត្តិការថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានខ្លួន ប្រកបដោយសុខសន្តិភាព ជូនប្រជាជននិងសង្គមជាតិ ព្រមទាំងបានថ្លែងអំណរគុណដល់លោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានសហការយ៉ាងជិតស្និទ្ធិនិងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូពេទ្យបង្អែលស្រុក និងលោកគ្រូ អ្នកគ្រូ មណ្ឌលសុខភាពឃុំដែលបានចូលរួមពិនិត្យសុខភាពជូនដល់មន្ត្រីនគរបាលដែលមានវត្តមានក្នុងពិធីនេះ។
លោកបានចង្អុលបង្ហាញ ដល់លោកអធិការនគរបាលធ្វើផែនការស្រង់ឈ្មោះ មន្ត្រីនគរបាលណា ដែលជួបបញ្ហាគ្រោះថ្នាក់ ទុក្ខលំបាកផ្សេងៗ លោកអធិការត្រូវដឹកនាំកម្លាំងចូលរួមសំណេះសំណាលលើកទឹកចិត្ត ដល់មន្ត្រីនោះ។
លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ លោកតែងតែគិតគូរដល់សុខុមាលភាព របស់កងកម្លាំងមន្ត្រីនគរបាលក្រោមឱវាទ របស់លោក បើសិនជាមន្ត្រីរូបណាមានសុខភាពមិនល្អការអនុវត្តន៍ តួនាទី ភារកិច្ច ឬបេសកកម្ម មិនបានល្អ ដែលទាមទារឲ្យកងកម្លាំងទាំងត្រូវរក្សាសុខភាព ឲ្យបានរឹងមាំ ជានិច្ច និងស្នើដល់មន្ត្រីនគរបាលទាំងអស់ ត្រូវយកចិត្តទុកត្រួតពិនិត្យសុខភាពជាប្រចាំ តាមការណែនាំរបស់គ្រូពេទ្យថែរក្សាសុខភាពជាចំបង ដោយរស់នៅស្អាត ការបរិភោគអាហារមានអនាម័យជានិច្ចដោយត្រូវចម្អិនឲ្យបានឆ្អិនល្អជាមុនសិនចាំបរិភោគ ទើបទទួលបានសុខភាពល្អជៀសវាងដាច់ខាតការហូប អាហារដែលគ្មានអនាម័យដូចជា ម្ហូបអាហារដែលចម្អិនមិនឆ្អិនល្អ មានសត្វរុយរោម និងពិសារគ្រឿងស្រវឹងធ្វើឲ្យប៉ះពាល់ដល់សុខភាព។
លោកស្នងការ បានណែនាំដល់មន្ត្រីនគរបាលទាំងអស់ ត្រូវចូលរួមបោះឆ្នោត អោយបានព្រមៗគ្នា ទន្ទឹមនេះដែរបេសកកម្មថ្មីជិតចូលមកដល់នៅថ្ងៃខាងមុខនេះ ការឃោសនាស្វែងរកសន្លឹក របស់គណបក្សនយោបាយនានា និងការប្រព្រឹត្តិទៅការ បោះឆ្នោតជ្រើរើសតំណាងរាស្ត្រ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨នីតិកាលទី៦ រហូតការរាប់សន្លឹកឆ្នោត ព្រមទាំងការរៀបចំប្រកាសរាជរដ្ឋាភិបាលថ្មី ជាផ្លូវការ ដូច្នេះហើយកងកម្លាំងរបស់យើងត្រូវខិតខំបំពេញ
បេសកកម្មចំពោះការងារការពារថែរក្សា សន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈឲ្យមានលក្ខណៈល្អប្រសើរបំផុត។
សូមបញ្ជាកថា លទ្ធផលដែលទទួលបានក្រោយពីការត្រួតពិនិត្យអំពី សុខភាពរបស់មន្ត្រីនគរបាលយើង ដោយមន្ត្រីជំនាញបានឲ្យដឹងថាៈ
-មន្ត្រីនគរបាលមានសុខភាពល្អ ៨៤%
-មន្ត្រីនគរបាលមាមានជំងឺរលាកក្រពះ និងជំងឺត្បៀតសរសៃឈាម ១៦% ៕