ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១០និង៣០នាទី កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ សម្របសម្រួលផ្លូវច្បាប់ដោយលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យ ជនជាតិវៀតណាម ដែលឆ្លងដែន និងធ្វើការខុសច្បាប់ ស្ថិតនៅ ក្នុងផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។
លោកវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីរាជធានីភ្នំពេញបានឱ្យដឹងថាក្នុងប្រតិបត្តិការខាងលើកម្លាំងចម្រុះបាន ពិនិត្យជនជាតិវៀតណាម សរុបចំនួន១៥នាក់ (ស្រី០៨នាក់) ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕