កំពង់ធំ៖ បន្ទាប់ពីទទួលបានព័ត៌មានទទួលព័ត៌មាន ពីប្រជាពលរដ្ឋនៅតំបន់អូកូត ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ មានការបាត់មនុស្ស "ឈ្មោះ ធា ភេទស្រី អាយុ៣៨ឆ្នាំ" កម្លាំងនគរបាលបានប្រើវិធានការជំនាញ ស្រាវជ្រាវស៊ើបអង្កេត ជាបន្ទាន់នៅកន្លែងកើតហេតុ កម្លាំងនគរបាល បានរកឃើញសាកសពឈ្មោះ ធា ដែលមានសភាពហើមស្អុយរលួយទៅហើយ។
យោងតាមការត្រួតពិនិត្យវិភាគទៅលើស្លាកស្មាមសពជនរងគ្រោះ ដោយម៉ត់ចត់ និងយកចិត្តទុកដាក់ពីកងកម្លាំងនគរបាលជំនាញ យើងបានកំនត់មុខសញ្ញា ជាជនសង្ស័យដែលប្រព្រឹត្តិបទល្មើស ក្នុងករណីខាងលើនេះ ។
កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ដោយមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បញ្ជាផ្ទាល់ដល់លោកវរសេនីយ៍ឯក ទិត្យ សំណាង ស្នងការរង ផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងនគរបាលជំនាញ សហការជាមួយកងកម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកសណ្ដាន់ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ អន លឹក ភេទប្រុស អាយុ៥៣ឆ្នាំ (ត្រូវជាប្តីជនរងគ្រោះ) នៅចំណុចក្នុងចំការស្វាយចាន់ទី តំបន់អូកូត ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ដោយជនសង្ស័យត្រូវជាប្តីសម្លាប់ដោយរិតករនិងខ្សែអង្រឹងរួចយកទៅកប់នៅក្រោយចំការ(មូលហេតុដោយមានការឈ្លោះប្រកែកគ្នា)។ បច្ចុប្បន្នជនសង្ស័យ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕