ភ្នំពេញ៖ លោក ហន សុខេនរិន ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនឈ្មោះ ផល សុភាព ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត ទីកន្លែងកំណើតនៅភូមិផល ឃុំវាលពង្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទីលំនៅបច្ចុប្បន្ននៅភូមិផាន ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ពីបទៈ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យស្លាប់អ្នកដទៃ នៅចំណុនផ្ទះលេខ៤៤ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ជាបទល្មើសដែលមានចែងនិងបញ្ញាតិ្តឱ្យផ្តន្ទាទោសតាមមាត្រា៨៥(ចំណុចខ) នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
យោងតាមដីកាសម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្នលេខ ៣៣២៨ ដ.ព.ស ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។
លោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាកាលពីថ្ងៃទី១៦ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង២២និង០៥នាទី ត្រង់ចំណុចមុខផ្ទះលេខ៤៤ លើផ្លូវជាតិលេខ៣ សង្កាត់ ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឱ្យមនុស្សស្លាប់ម្នាក់(អ្នកដេកក្នុងយានដ្ឋាន)។
មូលហេតុៈ រថយន្តបើកបរលឿននិងស្ថិតក្នុងភាពស្រវឹងមានអាត្រាជាតិអាល់កុល0.42Mg/L។ ត្រូវបានលោក ហន សុខេមរិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យឃុំខ្លួន នៅមជ្ឈមណ្ឌលអប់រំកែប្រែទី១(ម១) ៕