កំពង់ឆ្នាំង៖ ព្រឹកថ្ងៃសៅរ៍ ១១កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ក្រោមកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអ់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារផ្សព្វផ្សាពីបញ្ហាគ្រឿងញៀន ក្រោមវត្តមានចូលរួមពីលោកលឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា និងថ្នាក់ដឹកនាំជាប្រធាន អនុប្រធាននាយកដ្ឋាន គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនស្រុកកំពង់លែង ឃុំ-ភូមិ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមចំនួនប្រមាណជា៤០០នាក់ នៅវិទ្យាល័យហ៊ុនសែនកំពង់លែង ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
លោកស្រី ម៉ក់ គឹមឆៃ បានមានប្រសាសន៍ថា បានមានប្រសាសន៍ថា លោកស្រីមានសេចក្តីសោមនស្សន៍រីករាយដែលក្រសួងបានរៀបចំកម្មវិធីនេះឡើងនិងបានបញ្ជាក់ថា វិទ្យាល័យហ៊ុនសែន កំពង់លែង មិនមែនជាទីតាំងដាំដុះ រក្សាទុក ជួញដូរ ចរាចរ និងប្រើប្រាស់គ្រឿងញៀនទេ។
លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា ការជួបជុំថ្ងៃនេះក្នុងបរិយាកាសប្រទេសមានសុខសន្តិភាព ពិតណាស់អ្នកចូលរួមនៅថ្ងៃនេះគឺមិនមែនជាមុខសញ្ញាជួញដូរប្រើប្រាស់គ្រឿងញៀន ហើយការជួបជុំថ្ងៃនេះគឺដើម្បីចែករំលែកនូវបទពិសោធន៍ព័ន្ធនឹងបញ្ហាគ្រឿងញៀនដើម្បីជាពុទ្ធិសម្រាប់ក្មួយជួយផ្សព្វផ្សាយបន្តទៅបងប្អូន មិត្តភក្តិ និងមនុស្សជាទីស្រលាញ់កុំឲ្យទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនដែលនាំទុក្ខដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ។
ក្នុងឱកាសនោះ លោកជំទាវ សឿ សុជាតា បានថ្លែងអំណរគុណដល់ លោក លោកស្រី ជាគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនស្រុកកំពង់លែងនិងដៃគូទាំងអស់ ដែលបានរួមគ្នាបង្កើតឲ្យកម្មវិធីនេះឡើង ហើយក្នុងកាលៈទេសៈប្រទេសជាតិយើងមានសន្តិភាពយ៉ាងពេញបរិបូរណ៍ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តីមានគោលនយោបាយច្បាស់លាស់ក្នុងនោះវិស័យអប់រំបានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ បង្ខិតសាលារៀនមកកាន់តែជិត និងគុណភាពកាន់តែប្រសើរ ដូចនេះសុំក្មួយត្រូវឆក់យកឱកាសនេះខិតខំរៀនសូត្រយកចំណេះដឹងទៅជួយអភិវឌ្ឍន៍មូលដ្ឋានយើងឲ្យមានការរីកចម្រើន និងសុវត្ថិភាពចៀសបានពីអំពើរឧបាយមុខផ្សេងៗមានគ្រឿងញៀនជាដើម ៕