កណ្ដាល៖ រយៈពេល១ថ្ងៃគិតថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នគរបាលតាមបណ្ដាស្រុកមួយចំនួនរបស់ខេត្ដកណ្ដាល បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន៣ករណី ចាប់ខ្លួនជនសង្ស័យ៨នាក់ ដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាកទឹកកកចំនួន៥កញ្ចប់ និងវត្ថុតាងពាក់ព័ន្ធជាច្រើនទៀត។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានឲ្យដឹងថានគរបាលដែលចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅថ្ងៃទី២៤រួមមាន៖ នគរបាលស្រុកកណ្ដាលស្ទឹង បង្ក្រាបបាន១ករណី ចាប់ខ្លួនជនសង្ស័យ៣នាក់ ដកហូតថ្នាំញៀន១កញ្ចប់ ,នគរបាលស្រុកពញាឮបង្ក្រាបបាន១ករណី ចាប់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀន២កញ្ចប់ និងនគរបាលស្រុកកៀនស្វាយបង្ក្រាបបាន១ករណី ចាប់ខ្លួនជនសង្ស័យ៣នាក់ ដកហូតថ្នាំញៀន២កញ្ចប់មធ្យម និងម៉ូតូ២គ្រឿង ។ ក្រៅពីដកហូតវត្ថុតាងថ្នាំញៀនសមត្ថកិច្ចក៏បានដកហូតវត្ថុតាងពាក់ព័ន្ធជាច្រើនទៀតផងដែរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
ស្នងការរងនគរបាលខេត្ដកណ្ដាលលោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ បានថ្លែងថា អនុវត្ដន៍តាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល កម្លាំងនគរបាលតាមបណ្ដាស្រុក/ក្រុងទាំង១១ បានខិតខំប្រឹងប្រែងទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀន លទ្ធផលគួរឲ្យកត់សម្គាល់ ។ ជាក់ស្ដែងត្រឹមតែរយៈពេល១ថ្ងៃនគរបាល៣ស្រុកបានចេញបង្ក្រាបបាន៣ករណី ចាប់ខ្លួនជនសង្ស័យ៨នាក់ ដកហូតវត្ថុតាងថ្នាំញៀន៥កញ្ចប់ ,ម៉ូតូ២គ្រឿង និងវត្ថុតាងពាក់ព័ន្ធជាច្រើនទៀតដើម្បីចាត់ការតាមច្បាប់ ៕