ចំណត​ផែ​ពហុ​បំណង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ជា​ចំណត​នាវា​ដឹកទំនិញ​រាយ និង​នាវា​ផ្គត់ផ្គង់​សម្ភារៈ​រុករក​ប្រេង​

25-June-2018 | ដោយ ពលមនសិការ

ព្រះសីហនុ​៖​នៅ​ថ្ងៃ​ច័ន្ទ ១៣​កើត ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អញ្ជើញ​អមដំណើរ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ចំណត​ផែ​ពហុ​បំណង​នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។​

​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​ពហុ​បំណង​នៃ​កំពង់ផែ​ក្រុងព្រះសីហនុ​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន TOYO Construction Co., Ltd ចងសម្ព័ន្ធ​ជាមួយ​ក្រុមហ៊ុន MAEDA Corporation មកពី​ប្រទេស​ជប៉ុន​ក្នុង តម្លៃ​ទឹកប្រាក់​សរុប​ចំនួន ៤៧.៧០៥.០៨៥ ដុល្លារ​អាមេរិក ដែល​ចាប់ផ្តើម​អនុវត្ត​ការងារ​សាងសង់​ពីថ្ងៃ​ទី ០៦ ខែមករា ឆ្នាំ​២០១៥ និង​បញ្ចប់​នៅ​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៨ (​មាន​រយៈពេល​៤២​ខែ​) និង​ត្រួត ពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ​ក្រុមហ៊ុន Nippon Koei Co., Ltd ចងសម្ព័ន្ធ​ជាមួយ​ក្រុមហ៊ុន Oriental Consultants Global Co., Ltd. JV​។​

​ចំណត​ផែ​ពហុ​បំណង ដែល​បាន​សាងសង់​រួមមានៈ ចំណត​ផែ​ទំនិញ​រាយ​ប្រវែង ៣៣០​ម៉ែត្រ ជម្រៅ​ទឹក ១៣,៥​ម៉ែត្រ ចំណត​ផែ​មូលដ្ឋាន​ផ្គត់ផ្គង់​ភស្តុភារ​សម្រាប់​ការរុករក​ប្រេង​ប្រវែង ២០០​ម៉ែត្រ ជម្រៅ​ទឹក ៧,៥​ម៉ែត្រ និង​ការផ្គត់ផ្គង់​នាវា​សណ្តោង​(Tugboat) ក្រោម​ហិរញ្ញប្បទាន​សម្បទាន​មាន​ទឹកប្រាក់ សរុប​ចំនួន​ប្រមាណ ៧៤ លាន​ដុល្លារ​អាមេរិក ពី​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ ការ​អន្តរជាតិ​ជប៉ុន (JICA) រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​។​
​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បច្ចុប្បន្ននេះ អាច​ស្រូបយក​នូវ​ចំណែក​ទីផ្សារ​រហូតដល់​ជាង​៧០% នៃ​ចរាចរណ៍​ទំនិញ​ចេញ​-​ចូល​សរុប​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ក្នុងនោះ វា​បាន​បម្រើ​នូវ​សេវាកម្ម ចំនួន​បួន​រួមមាន​៖ ទីមួយ ប្រើប្រាស់​សម្រាប់​ជា​ចំណត​នាវា​ដឹក​អ្នកធ្វើដំណើរ​ទេសចរណ៍ ទី​ពីរ សម្រាប់​ដឹកជញ្ជូន​ទំនិញ​រាយ ទី​បី​សម្រាប់​ដឹកជញ្ជូន​កុង​ត័​រ​នឺ​ឆ្លងកាត់ និង​ទី​បួន​ប្រើ​សម្រាប់​ជួយ​គាំទ្រ​ជា​មូលដ្ឋាន​ភស្តុភារ​ផ្គត់ ផ្គង់​ការរុករក​ប្រេង និង​ការធ្វើ​អាជីវកម្ម ប្រេង​ក្នុង​ដែនសមុទ្រ​កម្ពុជា ដែល​នឹង​ជំរុញ​ដល់​ការអភិវឌ្ឍ​ផែ្ន​ក​សេដ្ឋកិច្ចជាតិ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​លើកឡើងថា​៖ ចំណត​ផែ​ពហុ​បំណង​នៃ​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ គឺជា​ច្រកទ្វារ​សេដ្ឋកិច្ចជាតិ​មួយ​ដ៏​សំខាន់ សម្រាប់​ដោះដូរ​ផលិតផល​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ទៅកាន់​ទីផ្សារ​ពិភពលោក ដោយបាន​ត​ភ្ជាប់​ទៅនឹង​ផ្លូវជាតិ​លេខ​២, លេខ​៣, លេខ​៤ ផ្លូវ​រថភ្លើង និង​ជាពិសេស​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ដែល គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បន្ថែមទៀតថា​៖ ការតភ្ជាប់​ទៅនឹង​ផ្លូវ​គមនាគមន៍​សំខាន់ៗ និង​ការធ្វើ​ឲ្យ​ប្រសើរ ឡើង​នូវ​សមត្ថភាព​របស់​កំពង់​ផែ បានធ្វើ​ឲ្យ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កាន់តែ​ដើរតួនាទី​យ៉ាង សំខាន់​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​បាន​ឆាប់រហ័ស ព្រមទាំង​មានតម្លៃ​ថោក សំដៅ​លើកកម្ពស់​សមត្ថ​ភាព ប្រកួតប្រជែង​របស់​ក​ម្ពុ​ជា ជាមួយ​ប្រទេសជិតខាង និង​ប្រទេស​ក្នុង​តំបន់​។​

​លើសពីនេះ​ទៀត ដើម្បី​ឆ្លើយតប​ទៅនឹង​ការកើនឡើង​នៃ​បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែ នាពេល បច្ចុប្បន្ន និង​ក្នុង​ពេលអនាគត កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គ្រោង​នឹង​ពង្រីក​សមត្ថភាព​របស់​កំពង់ផែ​បន្ថែមទៀត តាមរយៈ​ការកសាង​ចំណត​ផែ​កុងតឺន័រ​ថ្មី​មួយទៀត ដែលមាន​ជម្រៅ​ទឹក ១៤,៥​ម៉ែត្រ ប្រវែង​៣៥០​ម៉ែត្រ​។ កំពង់ផែ​ទឹក​ជ្រៅ​នេះ នឹង​ធានា​ដល់​ការចូល​ចត​នាវា​កុងតឺន័រ​ខ្នាត​ធំ ចំណុះ ៦០.០០០ តោន រហូតដល់ ៩៣% នៃ​ចំនួន​នាវា​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​នៅ​ដើមឆ្នាំ​២០២៣​។​

​ជាងនេះទៀត កំពង់ផែ​ស្វយ័ត​ក្រុង ព្រះសីហនុ នឹង​ក្លាយទៅជា​កំពង់ផែ​លំដាប់ថ្នាក់​មធ្យម ដោយ​បរិមាណ​កុងតឺន័រ​ឆ្លងកាត់​នឹងមាន​បរិមាណ លើសពី ១​លាន​TEUs/​ឆ្នាំ រីឯ​តម្លៃ​ដឹកជញ្ជូន​តាម​សមុទ្រ​ទៅ​-​មក​កម្ពុជា នឹង​កាន់តែ​ចុះ​ទាប​ប្រហាក់ ប្រហែល​នឹង​ថ្លៃ​ដឹកជញ្ជូន​តាម​សមុទ្រ​នៃ​ប្រទេសជិតខាង​។​

​ជាមួយនឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​ជប៉ុន ដែលជា​និច្ចកាល​តែងតែបាន​ផ្តល់នូវ​ជំនួយឥតសំណង ហិរញ្ញប្បទាន និង​ជំនួយ​បច្ចេកទេស​ជា​បន្តបន្ទាប់ តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ប្រទេស​ជប៉ុន (JICA )​សម្រាប់​ការសាងសង់ ស្តារ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​កំពង់ផែ សំដៅ​ចូលរួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍ​សង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​បងប្អូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ឆាប់រហ័ស ៕​

ចំនួនអ្នកទស្សនា

    20616807

  • ថ្ងៃនេះ3541
  • ម្សិលមិញ9421
  • សប្តាហ៍នេះ59201
  • ខែនេះ174351
  • ឆ្នាំនេះ174351
  • សរុប20616807