ភ្នំពេញ៖កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៨និង៣០នាទី មានករណីផ្ទុះអាវុធបណ្តាលឲ្យរបួសត្រង់ពោះ ក្រោមចុងដង្ហើមខាងឆ្វេង (បៀមគ្រាប់ ) នៅចំណុច បន្ទប់ជួលលេខ ២៣អាអឺ២ ផ្លូវ ១៤៣ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា។មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ឆោ សុគន្ធា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅបន្ទប់កើតហេតុខាងលើ។
ប្រភពដដែលបន្តថាប្តីជនរងគ្រោះឈ្មោះ ថុន វិមាន ហៅ ម៉េង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរយោធា ស្នាក់នៅផ្ទះកើតហេតុខាងលើ។
មន្ត្រីនគរបាលដដែលបន្តថានៅថ្ងៃកើតហេតុជនរងគ្រោះកំពុងនៅក្នុងបន្ទប់តែម្នាក់ឯង ហើយចំណែកប្តីទៅធ្វើការ ចំណែកកូននៅក្រៅបន្ទប់ និងប្អូនស្រីបង្កើតកំពុងធ្វើម្ហូបនៅខាងក្រោយពេលនោះប្អូនស្រីបានលឺសូរសំលេងផ្ទុះពីក្នុងបន្ទប់ ប្អូនស្រីក៏បានរត់ទៅក្នុងបន្ទប់ក៏ឃើញបងស្រីរបស់ខ្លួនមានរបួសត្រង់ពោះហើយក៏បាន តេទៅរកម្ចាស់ផ្ទះជួល និង ប្តី ហើយតេឱ្យកម្លាំងសមត្ថកិច្ចឱ្យមកជួយ ពេលកម្លាំងយើងទៅដល់ កន្លែងកើតហេតុ ក៏ត្រូវប្តីជនរងគ្រោះបានដឹកទៅមន្ទីរពេទ្យ អូរ៉ ដោយមានរបួសធ្ងន់ក៏បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រដើម្បីជួយសង្គ្រោះបន្ត។
ក្រោយមកកម្លាំងសមត្ថកិច្ច បានទៅជួបជាមួយក្រុមគ្រួសារដើម្បី សុំធ្វើការសហការតែត្រូវក្រុមគ្រួសាររបស់ជនរងគ្រោះមិនបានសហការជាមួយកម្លាំងសមត្ថកិច្ចទេ ៕