ភ្នំពេញ៖កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៥និង៣០នាទី ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមន សម្របសម្រួលផ្លូវច្បាប់ដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យ ជនជាតិវៀតណាម ដែលឆ្លងដែន និងធ្វើការខុសច្បាប់ស្ថិតនៅ ហាងកាហ្វេ ម៉ាស្សា និងកោសជប់ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។
លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានឲ្យដឹងថាក្នុងប្រតិបត្តិការខាងលើកម្លាំងជំនាញបានពិនិត្យឃើញ ជនជាតិវៀតណាម សរុបចំនួន១០នាក់ (ស្រី០៥នាក់) ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ បានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕