បន្ទាយមានជ័យ៖ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ " ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន"ត្រូវបានប្រារព្ធធ្វើក្រោមអធិបតីភាព ឯកឧត្តម អ៊ុ រាត្រី អភិបាលស្តីទីខេត្តបន្ទាយមានជ័យ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ខេង ស៊ុ តំណាងក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីគណកម្មាធិការត្រួតពិនិត្រគ្រឿងញៀនខេត្ត ក្រុង ស្រុក កងកម្លាំងបីប្រភេទ យុវជនកាយរិទ្ធ កាកបាទក្រហម លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធ ចំនួន១៣៧១នាក់។
កម្មវិធីនេះមានប្រារព្ធធ្វើនៅព្រឹកថ្ងៃសុក្រ ២រោជខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធាអគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអាននូវសាររបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដែលបានបង្ហាញពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ថែមលើគោលនយោបាយភូមិឃុំមានសុវត្ថិភាព បទបញ្ជាលេខ០១ ស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន ផែនការពហុវិស័យរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ដំណាក់កាលទី១ ទី២ ហើយក្នុងឆ្នាំ២០១៨នេះ បានបន្តឱ្យអនុវត្តសម្រាប់ដំណាក់កាលទី៣ ជាបន្តទៀត ដោយសម្រេចបាននូវលទ្ធផលគួរឱ្យ កត់សម្គាល់ជាច្រើនរួមមានដូចជា៖ បានធ្វើការផ្សព្វផ្សាយ អប់រំឱ្យមានការយល់ដឹងពីផលប៉ះពាល់ និងគ្រោះ ថ្នាក់នៃគ្រឿងញៀន ដល់ប្រជាពលរដ្ឋបានចំនួន ១.៦៣៨.៤៩៤ នាក់ បានផ្តល់ការព្យាបាល និងស្តារនីតិ សម្បទាដល់អ្នកញៀនគ្រឿងញៀនបានចំនួន ៧.០៥៦នាក់ បានបង្ក្រាបបទល្មើសបានចំនួន ២.៨៧០ ករណី និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ៥.៧០២ នាក់ តាមរយះលទ្ធផលការងារនេះបានធ្វើឱ្យមានការថយចុះនូវរាល់បទល្មើសដែលពាក់ព័ន្ធនឹងគ្រឿងញៀននិងបទល្មើសផ្សេងទៀតនៅក្នុងសង្គមរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ បង្កលក្ខណៈ ងាយស្រួលដល់រាជរដ្ឋាភិបាល ក្នុងការកសាង អភិវឌ្ឍប្រទេសជាតិនិងសុខុមាលភាពប្រជាពលរដ្ឋ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលរង ប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ដោយថ្លែងនូវការកើតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីរាជការគ្រប់លំដាប់ ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅគ្រប់ស្ថាប័ន អង្គភាពរបស់ខេត្តទាំងអស់ ក៏ដូចជាបណ្តាអង្គការដៃគូ វិស័យសាសនា វិស័យឯកជន និងសប្បុរសជននានា ដែលបានចូលរួម និងគាំទ្រយ៉ាងសកម្មដល់ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមតួនាទី និងភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្ការ និងទប់ស្កាត់រាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ពិសេសក្នុងដំណើរការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទាំង ៣ ដំណាក់កាលរបស់រាជរដ្ឋាភិបាលនាពេល កន្លងមក និងបានអំពាវនាវឲ្យផ្នែកពាក់ព័ន្ធទាំងអស់សូមបន្តចូលរួមអនុវត្តការងារប្រយុទ្ធប្រឆាំងញៀនឲ្យទទួលបានលទ្ធផលល្អបន្ថែមទៀត ៕