កំពង់ស្ពឺ៖កម្លាំងនគរបាលស្រុកបសេដ្ឋស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីប្លន់យកម៉ូតូ នៅថ្ងៃសុក្រ ២រោជ ខែបឋមាសាឍ ឆ្នាំចរ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។
យោងតាមរបាយការណ៍នគរបាលស្រុកបសេដ្ឋបានឲ្យដឹងថាកាលពីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង២៣និង១៥នាទី នៅចំណុចលើទំនប់វត្តពោធិ ក្នុងភូមិពោធិធំ ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ មានករណីកំហែងយកម៉ូតូ ១គ្រឿង ម៉ាក SUZUKI NEX ផលិតឆ្នាំ២០១៧ ពណ៌ក្រហម+ស ស្លាកលេខ កំពង់ឆ្នាំង 1H-9988 ជនរងគ្រោះឈ្មោះ ឆេង លីណា ភេទស្រី អាយុ ២០ឆ្នាំ នៅភូមិក្រាំងអំពឹល ឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ករណីខាងលើជនរងគ្រោះ មិនបានរាយការណ៍មកសមត្ថកិច្ចភ្លាមៗឡើយ រហូតដល់ម៉ោង១៥រសៀលថៃ្ងទី២៩ ទើបគាត់បានមក រាយការណ៍ប្រាប់សមត្ថកិច្ច ថាមានករណីកំហែងយកម៉ូតូរបស់គាត់ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញសហការស្រាវជ្រាវ និងបានកំណត់មុខសញ្ញាភ្លាមៗឈានទៅឃាត់ខ្លួនជនសង្ស័យ បានចំនួន៣នាក់នៅចំណុច ភូមិត្រពាំងឈូក ឃុំពោធិអង្គ្រង ស្រុក បសេដ្ឋ ខេត្ដកំពង់ស្ពឺ។
ជនសង្ស័យទី១-ឈ្មោះ ហ៊ែល ម៉េង ភេទប្រុស អាយុ២០ ឆ្នាំ នៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង តាកែវ, ទី២-ឈ្មោះ មាន ហុង (ហៅឆុង) ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង និងទី៣-ឈ្មោះ សែម សីហា ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិរមន្ដ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។
វត្ថុតាងដកហូតៈម៉ូតូចំនួន ២គ្រឿង ម៉ាកC125 ពណ៌ខ្មៅផលិតឆ្នាំ២០១៧ គ្មានស្លាកលេខ(ម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព)និងម៉ូតូម៉ាក SUZUKI NEX ជាម៉ូតូរបស់ជនរងគ្រោះ ជិះធ្វើសកម្មភាព ចំណែកបក្ខពួកជនសង្ស័យផ្សេងទៀត បានរត់គេចខ្លួន ក្រោយពីការសាកសួរជនសង្ស័យទាំងបីនាក់ បានឆ្លើយសារភាពថាខ្លួននិងបក្ខពួក ពិតជាបានធ្វើសកម្មភាពកំហែងយកម៉ូតូពីជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ជំនាញស្រុកបានកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត បន្ដចាត់ការតាមនីតិវិធី ៕