សៀមរាប៖មន្ត្រីពន្ធនាគារខេត្តសៀមរាបម្នាក់បានសន្លប់ស្តូកស្តឹងបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូកង់៤បុកជាមួយមួយម៉ូតូ។ ឧបទ្ទវហេតុខាងលើបានកើតឡើងកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប។
ក្រោយកើតហេតុលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ភាន ឆវ័ន្ត ប្រធានពន្ធនាគារខេត្តសៀមរាប បានបញ្ជារឲ្យយករថយន្តសង្គ្រោះទៅមន្ទីរពេទ្យ។ចំ ណែកជនបរទេសចំនួន២នាក់មានរបួសស្រាល។
លោកវរសេនីយ៍ឯក ជឹម សុវណ្ណ នាយការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩នេះថា ករណីគ្រោះថ្នាក់ចរាចរនេះខាងលោកទទួលបានរបាយណ៍ហើយ ក្នុងនោះលោកបានសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប លោកបានឲ្យដកហូតយកម៉ូតូកង់៤ ដែលជាម៉ូតូរបស់ក្រុមហ៊ុនមួយនៅក្នុងក្រុងសៀមរាបបានជួលឲ្យភ្ញៀវជិះដើរលេង និងបង្ករបួសស្នាមដល់មន្ត្រីពន្ធនាគារខេត្តសៀមរាប នោះហើយ។
លោកបន្តថាពេលនេះជនរងគ្រោះបានទទួលសំណងពីក្រុមហ៊ុនម៉ូតូដឹកភ្ញៀវនោះហើយ។ ព្រោះខាងក្រុមហ៊ុននោះមានលិខិតអនុញ្ញាតពីមន្ទីរទេសចរណ៍ខេត្តសៀមរាប។ ចំណែករឿងភ្ញៀវបរទេសជិះម៉ូតូនោះខាងលោកនៅមិនទាន់សម្រេចថាយ៉ាងណានោះទេ។ យ៉ាងនេះក្តីនៅមិនទាន់មានរបាយការណ៍លម្អិតពីខាងសមត្ថកិច្ចនៅឡើយទេ។
សូមរម្លឹកថាៈកន្លងទៅលោកឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបានចេញលិខិតមួយច្បាប់មិនឲ្យជនបរទេសបើកបរក្នុងទឹកដីទេសចរណ៍សៀមរាបអង្គរបានឡើយ។ តែបទបញ្ជារនេះត្រូវបានគេមើលឃើញថាហាក់គ្មានប្រសិទ្ធិភាពសោះឡើយ ៕