បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជួញដូរថ្នាំញៀនខេទឹកកកជិត១គីឡូក្រាមនិងយ៉ាម៉ាជាង៤ពាន់គ្រាប់ដែលឃាត់នៅម៉ោង៧និង២០នាទីនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលស្ថិតភូមិក្បាលស្ពានមួយ សង្កាត់/ក្រុងប៉ោយប៉ែត។
ជនសង្ស័យដែលត្រូវចាប់ខ្លួនមានឈ្មោះ អ៊ឹម ចយ ហៅចិត្រ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិក្បាលស្ពានមួយ សង្កាត់/ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យគឺកម្លាំងបានទទួលការណែនាំពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេសនិងដាក់វិធានការពីលោកឧត្តមសេនីយ៍ត្រី បោ ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យហើយកម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។ ហើយបានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាបានបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានម្នាក់និងរឹបអូសបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(មានខេទឹកកកចំនួន២ថង់ធំទំងន់ស្មើ៩៨៨.៦ក្រាម) និងយ៉ាម៉ា ចំនួន២០កូនថង់ស្មើ៤.០៣៥គ្រាប់ និងទូរស័ព្ទ២គ្រឿងកាបូបខ្មៅដាក់ថ្នាំញៀន១។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជាក់ថានៅពេលឃាត់ខ្លួនជនសង្ស័យគឺមានការសម្របសម្រួលពីលោក សុខកែវបណ្ឌិត ព្រះរាជអាជ្ញារងអោមសាលាដំបងខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យព្រមទាំងវត្ថុតាងថ្នាំញៀនត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់។ហើយកម្លាំងកងរាជអាវុធហត្ថកំពុងស្រាវជ្រាវរកមុខសញ្ញាជួញដូរគ្រឿងញៀនដើម្បីចាប់ខ្លួនអនុវត្តទៅតាមច្បាប់និងលុបបំបាត់គ្រឿងញៀនអោយអស់តាមការណែនាំពីលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ៕