ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ រថយន្តដឹកដែកមួយគ្រឿងបានចុះចំណោត រអិលធ្លាក់ផ្លូវទៅខាងស្តាំដៃ ហើយបានក្រឡាប់ នៅផ្លូវបេតុង ផ្លូវបំបែកផ្លូវជាតិលេខ៤ ចុះមកអូរត្រេះចាស់ ភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ រថយន្តម៉ាក HYUNDAI ពណ៌ស ស្លាកលេខកំពង់ធំ3A-1815 សណោ្តងរ៉ឺម៉កដឹកដែកសរសៃ។
មន្ត្រីនគរបាលខេត្តបានឲ្យដឹងថាអ្នកបើកបរឈ្មោះ នូ ប៊ុនថា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត មានទីលំនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ អ្នករួមដំណើរឈ្មោះយា ប៊ុនធឿន ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ ថៅកែរថយន្ត មានទីលំនៅឃុំ/ស្រុកកំពង់លាវ ខេត្តព្រៃវែង។
រថយន្តដឹកដែកមកពីភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើបានចុះចំណោទអាឡាមដេឡុង មកអូរត្រេះ ក៏រអិលមកខាងស្ដាំដៃធ្លាក់ផ្លូវក្រឡាប់តែម្ដង។ គ្រោះថ្នាក់នេះបណ្ដាលឲ្យរងរបួសមនុស្ស ឈ្មោះ យា ប៊ុនធឿន អ្នករួមដំណើរលើរថយន្ត រងរបួសជើងខាងស្ដាំ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាពឃ្លាំងលើ ៕