ភ្នំពេញ៖ ថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ជាផ្លូវការ ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម ស្យង់ ព័រ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន សំណង់ សៀងហៃគ្រុប ក្រុមហ៊ុនក្វាងចូវ ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ អាជ្ញាធរដែនដី មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ (ស្ពានអាកាសផ្សារដីហុយ) មានបណ្ដោយប្រវែង ៩៤២ ម៉ែត្រ ទទឹង ១៦,៥ ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) ចំណាយថវិកាសាងសង់សរុបប្រមាណ ១៧លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប ខូអិលធីឌី (Shanghai Construction Group Co., Ltd) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន ទីប្រឹក្សាសំណង់ ក្វាងចូវវ៉ានអាន (Guangzhou Wanan Contructiontion Supervision Co., Ltd) ដោយប្រើរយៈពេលសាងសង់ចំនួន២៤ខែ។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថាសុខសន្តិភាព និងស្ថេរភាពនយោបាយដ៏រឹងមាំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរង្វង់៧% ដែលកំណើនសេដ្ឋកិច្ចនេះជាកត្ដាជំរុញឱ្យមានកំណើនមធ្យោបាយដឹកជញ្ជូនទីក្រុងកាន់តែច្រើន។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបន្តថា៖ ស្ពាននេះ ដើរតួយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ចំណាយពេលតិច ព្រមទាំងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនផងដែរ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនចិនដែលជានិច្ចជាកាលតែងតែផ្ដល់ជំនួយទាំងហិរិញ្ញវត្ថុ និងបច្ចេកទេសដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅព្រះរាជាណាចក្រកម្ពុជា។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងសំណូមពរដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ឱ្យចូលរួមថែរក្សាសម្បត្តិដ៏មានតម្លៃវិសេសវិសាលនេះផងដែរ ៕