ពោធិ៍សាត់៖ នគរបាល២នាក់ជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងគោលបំណងត្រឡប់ទៅបំពេញកម្មសិក្សានៅសាលាភូមិភាគ៥ ខេត្តបាត់ដំបងមិនទាន់គោលដៅក៏ត្រូវរថយន្តមិនស្គាល់ម៉ាកកៀរដួលបោកក្បាលបណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់។ ឧបទ្ទវហេតុនេះកើតឡើងនៅវេលាម៉ោង១៧និង២០នាទី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩២-១៩៣ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើហេតុគេឃើញបុរសពីរនាក់ជិះម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅពាក់ស្លាកលេខ ពោធិ៍សាត់ 1C-3220 ស្លៀកពាក់ឯកសណ្ឋានជាកងនគរបាលជាតិនិងអ្នករួមដំណើរស្លៀកពាក់ឯកសណ្ឋានស៊ីវិល បើកបរ ក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចខាងលើមានរថយន្តមិនស្គាល់ម៉ាក១គ្រឿងបើកវ៉ាជែងទៅកៀរម៉ូតូបុរសរងគ្រោះកំពុងជិះបណ្តាលឱ្យដួលបោកក្បាលទៅលើថ្នល់ស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ និងរបួសធ្ងន់ម្នាក់ ភ្លាមៗនោះបុរសរងរបួសក៏បានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ផងដែរ ក្រោយពេលឃើញឧបទ្ទវហេតុគ្រោះថ្នាក់នេះកើតឡើងអ្នកបើកបររថយន្តបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់។ ចំពោះសាកសពបុរសរងគ្រោះក្រុមគ្រួសារយកមកធ្វើបុណ្យនៅលំនៅដ្ឋានរបស់ខ្លួន។
គួររំលឹកផងដែរថា បុរសរងគ្រោះទាំងពីរនាក់ជាមន្ត្រីនគរបាលជាតិបម្រើការងារនៅអង្គភាពអធិការដ្ឋាននគរបាលស្រុកកណ្តៀង ហើយត្រូវអង្គភាពចាត់បញ្ជូនឱ្យទៅបំពេញកម្មសិក្សាវគ្គកិច្ចការនគរបាលរដ្ឋបាលរយៈពេល២ខែ នៅសាលាភូមិ៥ ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកានបានឱ្យដឹងថា អ្នកបើកបរម៉ូតូឈ្មោះឡាត សុខុន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិស្វាយលួង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និងអ្នករួមដំណើរម្នាក់ឈ្មោះ ក្រូច សុធារិទ្ធិ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។ ហើយការគ្រោះថ្នាក់នេះបណ្តាលមកពីអ្នកបើកបររថយន្តបើកជែងទើបឱ្យមានគ្រោះថ្នាក់បែបនេះកើតឡើង ៕