ពោធិ៍សាត់៖ បុរសម្ចាស់ចំការម្នាក់បានយករណាយន្តកាត់ដើមឈើក្នុងចំការរបស់ខ្លួនក៏ត្រូវរលំសង្កត់ស្លាប់មួយរំពេច ករណីនេះកើតឡើងនៅចំណុចបាក់ត្រាក្រោម ស្ថិតក្នុងភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់កាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះឈ្មោះអូច ឌីន អាយុ៤៤ឆ្នាំ ភេទប្រុស រស់នៅភូមិក្តោង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ ជនរងគ្រោះរូបនេះបានមកទិញដីមួយកន្លែងក្នុងគោលបំណងធ្វើចំការនៅចំណុចខាងលើ លុះថ្ងៃកើតហេតុជនរងគ្រោះបានយករណាយន្តមួយគ្រឿងទៅកាត់ដើមឈើ ខណៈពេលដើមឈើដួលរលំអ្នកជិតខាងក៏ដើរទៅមើលប្រទះឃើញជនរងគ្រោះត្រូវដើមឈើសង្កត់លើស្លាប់តែម្តងក៏មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងអាជ្ញាធរចុះពិនិត្យដល់កន្លែងកើតហេតុ។
លោកវរសេនីយ៍ ទោតាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញបានឱ្យដឹងថា តាមការចុះពិនិត្យរបស់សមត្ថកិច្ចនិងអាជ្ញាធរនៅកន្លែងកើតហេតុ សាកសពជនរងគ្រោះត្រូវដើមឈើរលំសង្កត់ស្លាប់មែន ហើយក្រុមគ្រួសារយកសាកសពជនរងគ្រោះត្រឡប់ទៅខេត្តបាត់ដំបងនៅវេលាម៉ោង២រំលងអាធ្រាតថ្ងៃទី២នេះដើម្បីធ្វើតាមប្រពៃណី ៕