កំពង់ស្ពឺ៖នៅរសៀលថៃ្ងពុធ ៧រោជ ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថៃ្ងទី៤ ខែកក្កដា ឆ្នាំ២០១៨ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ មានបើកកិច្ចប្រជុំត្រួតពិនិត្យបែងចែកកម្លាំងប្រចាំការ ត្រៀមអន្ដរាគមន៍ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដ និងមានការអញ្ញើញចូលរួមពី លោក លោកស្រី ស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលក្រុង ស្រុក ទាំង៨ បន្ទាប់ពីលោកឧត្ដមសេនីយ៍ត្រី អៀង អុល ស្នងការរងទទួលផែនធនធានមនុស្ស បានធ្វើរបាយការណ៍ ការបែងចែកនិងរាយការណ៍អំពីកម្លាំងតាមផែននីមួយៗជូនអង្គប្រជុំរួចមក លោកស្នង ការ មានប្រសាសន៍ និងបានធ្វើការកត់សម្គាល់លើចំណុចមួយចំនួន អំពីវិធានការពង្រឹងកម្លាំងប្រចាំការ នៅតាមអង្គភាព ចំណុះស្នងការដ្ឋាន អធិការដ្ឋាន ត្រូវមានការប្រជុំជួរទៀងទាត់ ត្រួតពិនិត្យរាល់សម្ភារៈ ឧបករណ៍ មធ្យោបាយគ្រឿងបំពាក់លើសពីនោះត្រូវបង្កើនការហ្វឹកហាត់រំលឹកមេរៀនដល់កងកម្លាំងអំពីយុទ្ធវិធី យុត្ដិសាស្ដ្រ កិច្ចអន្ដរាគមន៍ត្រៀមលក្ខណៈសម្បត្តិ បង្ការ ទប់ស្កាត់ ការបង្កចលាចល ការប៉ុនប៉ងធ្វើបាតុកម្ម កុប្បកម្ម ខុសច្បាប់ ក្នុងពេលចាំបាច់ណាមួយ បន្ថែមពីនេះ លោកស្នងការបានដាស់តឿនក្រើនរំលឹកដល់បណ្ដា អស់លោក ជាប្រធានសាម៉ីអង្គភាពជំនាញត្រូវបន្ដ ផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗមួយចំនួនជូនដល់មន្ដ្រីក្រោមឱវាទឲ្យបានយល់ជ្រួតជ្រាបច្បាស់និងត្រូវស្មោះត្រង់ក្នុងតួនាទី ភារកិច្ចចំពោះកាតព្វកិច្ច ចូលរួមថែរក្សាសន្ដិសុខ សណ្តាប់ធ្នាប់សង្គម ពិសេសការពារដាច់ខាតរាជរដ្ឋាភិបាល ធានាបានស្ថេរភាព សន្ដិភាព ជូនប្រជាពលរដ្ឋក្នុងដំណាក់ប្រទេសកម្ពុជាកំពុងតែរៀបចំដំណើរការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្ដទៅនាថៃ្ងទី២៩ កក្កដា ២០១៨ ឲ្យមានភាពរលូន និងអនុវត្តគោរពបានតាមគោលការណ៍ របបប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ៕