ពោធិ៍សាត់៖បុរសប្រមឹកម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការអប់រំ ពីបទប្រើអំពើហិង្សាក្នុងគ្រួសារដេញវាយប្រពន្ធកូនរត់ពេញភូមិទៅជ្រកនៅផ្ទះអ្នកជិតខាង តែមិនបណ្តាលឱ្យមានរបួសស្នាមនោះឡើយ ករណីនេះកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
តាមការរៀបរាប់របស់ជនរងគ្រោះឈ្មោះប៉ិល នួន ភេទស្រីអាយុ៤៣ឆ្នាំ រស់នៅភូមិឃុំខាងលើត្រូវជាប្រពន្ធជនសង្ស័យបានប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យជាប្តីឈ្មោះសាត ឡន អាយុ៤២ឆ្នាំ បានទៅផឹកឡើងស្រវឹងជោគជាំរហូតដល់យប់ទើបត្រឡប់មកផ្ទះវិញ ខណៈមកផ្ទះជនសង្ស័យជាប្តីបានឡូឡាដេញវាយ ប្រពន្ធកូនរត់ផ្អើលចែកជើងគ្នា និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះខ្ទិចខ្ទី ដើម្បីគេចពីការវាយធ្វើបាករបស់ប្តីខ្លួន ស្ត្រីជារងគ្រោះក៏នាំកូន៣នាក់ទៅពួនសំងំលាក់ខ្លួននៅផ្ទះអ្នកជិតខាង។
ដោយទប់ចិត្តមិនបានស្ត្រីរងគ្រោះជាប្រពន្ធសម្រេចចិត្តទៅប្តីសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ចាប់ជនសង្ស័យជាប្តីមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ៕