ពោធិ៍សាត់៖ជនសង្ស័យឈ្មោះគិត គាលី (ហៅខួច) ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនយកមកកាន់អធិការដ្ឋាននគរ បាលស្រុកភ្នំក្រវាញដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ពីបទប្រើអំពើហិង្សាក្នុងគ្រួសារមានស្ថានទម្ងន់ទោស។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចអណ្តូងច្រុះ ស្ថិតក្នុងភូមិព្រៃខ្លុង ឃុំរកាត ស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យខាងលើ បានផឹកស៊ីជាមួយមិត្តភ័ត្រស្រវឹងជោគជាំ ខណៈនោះជនរងគ្រោះឈ្មោះងួន គិត អាយុ៥៧ឆ្នាំជាឪពុកបានស្តីបន្ទោស ជនសង្ស័យនិងជនរងគ្រោះបាន ប្រកែកគ្នា មិនដឹងអីអាកូនតិរិច្ឆានរបស់ខ្លួនរត់ទៅយកកាំបិតកាប់ទៅលើ ឪពុកបង្កើតចំនួន៤កាំបិតចំថ្ងាស១កន្លែង- ចំចិញ្ចើមខាងឆ្វេង១កន្លែង-ចំ ថ្ពាល់ខាងឆ្វេង១កន្លែងនិងចំសៀតផ្កា១កន្លែង បណ្តាលឱ្យរងរបួសយ៉ាង ធ្ងន់ធ្ងរ បន្ទាប់មកក្រុមគ្រួសារបានបញ្ជូនមកសម្រាកព្យាបាលនៅមណ្ឌល សុខភាពក្រវាញ ហើយរត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ក្នុងរឿងនេះ។
លោកវរសេនីយ៍ទោ តាន់ គារិទ្ធ អធិកានគរបាលសស្រុកភ្នំក្រវាញបាន ឱ្យដឹងថា ក្រោយពីទទួលបានការផ្តល់ព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ គិត គាលី យកកាន់អធិការដ្ឋាននគរបាលស្រុក។
តែមកដល់ថ្ងៃទី៩នេះ លេចឮពីក្រុមគ្រួសារជនសង្ស័យថា ចង់សុំឱ្យ សមត្ថកិច្ចដោះលែង តែទោះយ៉ាងណាក្តី សមត្ថកិច្ចត្រូវចាប់ខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងតាមនីតិវិធី ដោយមិនទុកឱ្យជនសង្ស័យរត់គេចខ្លួនបានឡើយ ៕