ព្រះវិហារ៖មនុស្ស៨នាក់បានរងរបួសធ្ងន់ស្រាលនិងមនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។ ឧបទ្ទវហេតុខាងលើបានកើតឡើងកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ ៦២ ត្រង់បង្គោលលេខ ១៨៧-១៨៨ ស្តិតក្នុងភូមិកោងយោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
មន្ត្រីនគរបាលខេត្តព្រះវិហារបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកលុចស៊ីស (LUXIS) ពាក់ស្លាកលេខ ភ្នំពេញ 2S-3198 បើកបរពីជើងទៅត្បូង ពេលមកដល់កន្លែងកើតហេតុរថយន្តបែកកង់ក្រោយផ្នែកខាងស្តាំ បណ្តាលឲ្យរបួសធ្ងន់ស្រាល៨នាក់ និងស្លាប់ម្នាក់។
ប្រភពដដែលបន្តថាជនរងគ្រោះរួមមានទី១-ឈ្មោះ ប្រាក់ កញ្ញា ភេទស្រី អាយុ២១ឆ្នាំ (ស្លាប់), ទី២-ឈ្មោះ ប្រាក់ ណារី ភេទស្រី អាយុ២៥ ឆ្នាំ (របួសស្រាល), ទី៣-ឈ្មោះ ប្រាក់ រ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ អ្នកបើកបរ (របួសធ្ងន់), ទី៤-ឈ្មោះ ប្រាក់ សាវឿន ភេទប្រុស អាយុ ៥៥ ឆ្នាំ ត្រូវជាឪពុក (របួសធ្ងន់), ទី៥-ឈ្មោះ ឡោ សារ៉េត ភេទស្រី អាយុ ៥៤ឆ្នាំ ត្រូវជាម្តាយ(របួសស្រាល), ទី៦-ឈ្មោះ ហេង ពេជ្ររ៉ា ភេទស្រី អាយុ ២៥ឆ្នាំ (របួសស្រាល), ទី៧-ឈ្មោះ ឆូយ ចន្ធី ភេទប្រុស អាយុ ៣២ឆ្នាំ (របួសស្រាល), ទី៨-ឈ្មោះ ប្រាក់ រចនា ភេទស្រី អាយុ១០ឆ្នាំ ( របួសស្រាល ) និងទី៩-ឈ្មោះ ឈួយ សេងលី ភេទប្រុស អាយុ០៥ឆ្នាំ (របួសស្រាល) ជនរងគ្រោះទាំងអស់ស្ថិតក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកមង្គរបុរី ខេត្តតាកែវ។
លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត ក្រោយពីទទួលបានព័ត៌មានភ្លាម បានចាត់កម្លាំងប្រចាំបញ្ជាសង្គ្រោះទាន់ពេលវេលា និងការពារសម្រួលចរាចរណ៍កន្លែងកើតហេតុ និងបានប្រគល់រថយន្តទៅគ្រួសារជនរងគ្រោះវិញ ៕