បាត់ដំបង៖ នៅថ្ងៃច័ន្ទ ១២រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ម៉ោងវេលា ១១៖២៥នាទី នៅត្រង់ចំនុចមុខមន្ទីរពេទ្យពហុព្យាបាល ហួត.សុគន្ធ ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអនិជនខ្មែរ-អាមេរិចកាំង ០១នាក់បានដេកស្លាប់បាត់បង់ជីវិត។
លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង បានអោយដឹងថា ជនរងគ្រោះឈ្មោះ ហុយ ទុយ ភេទប្រុស អាយុ ៦៨ឆ្នាំ ស្នាក់នៅក្រុមទី១៣ ភូមិអណ្ដូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង។ ចំពោះមូលហេតុគឺបណ្តាលមកពី ជនរងគ្រោះមានជំងឺរលាកសួតនិងថ្លើមរ៉ាំងរ៉ៃ។
តាមការរៀបរាប់របស់ឈ្មោះ ភួង សម្ផស្ស ភេទស្រី អាយុ ៣៤ឆ្នាំ ដែលត្រូវជាប្រពន្ធបានអោយដឹងថា នៅថ្ងៃដដែល វេលាម៉ោង ១០និង៣០នាទីខ្លួននិងប្ដី បានទៅបើកប្រាក់នៅទូរ អេ.ធី.អឹម របស់ធនាគារកាណាឌីយ៉ា នៅខាងជើងផ្សារណាត់ ក្រោយពេលបើកប្រាក់បានហើយក៏ជិះរថយន្តត្រឡប់ទៅផ្ទះវិញមកដល់ត្រង់ចំណុចភ្លើងស្តុបបឹងឈូក ស្រាប់តែជំងឺគាត់ធ្វើទុក្ខខ្លាំងខ្លួនក៏ដឹកជនរងគ្រោះមកសង្គ្រោះនៅមន្ទីរពហុព្យាបាល ហួត សុគន្ធ ពេលមកដល់គ្រូពេទ្យពិនិត្យរួចប្រាប់ថា គាត់ស្លាប់ហើយពេលនោះគឺនៅម៉ោង ១១និង២៥នាទី។ ហើយក៏បានអោយលោកគ្រូពេទ្យចាក់ថ្នាំ ហ្វកម៉ុល អោយរួចក៏យកគាត់មកផ្ទះតែម្ដងទៅ។
ដោយឆ្លងតាមការចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសាកសពរបស់ជនរងគ្រោះឈ្មោះ ហុយ ទុយ សមត្ថកិច្ចអាចសន្និដ្ឋានបានថាជនរងគ្រោះពិតជាស្លាប់ដោយសារជំងឺខ្លួនពិតប្រាកដមែន។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យសពតាមប្រពៃណីទំនៀមទំលាប់ខ្មែរ៕