ភ្នំពេញ៖នៅវេលាម៉ោង០៣ និង៣០នាទីទាបភ្លឺ ថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ មានករណីអគ្គីភ័យមួយកន្លែងកើតឡើងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្រុមទី១៧ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានម្ចាស់ឈ្មោះ ស៊ិន យិន ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ចំពោះមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ អគ្គីភ័យខាងលើមានការខូចខាតមានឆេះផ្ទះអស់៥៩ខ្នងផ្ទះ ស្មើនឹង៦៦គ្រួសារ ជាប្រភេទសំណង់ ឈើប្រក់ស័ង្កសី ទំហំ ៥ម៉ែត្រ x ៨ម៉ែត្រ។
ក្រោយទទួលបានព័ត៌មានទាន់ហេតុការណ៍ភ្លាម រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញទៅពន្លត់ចំនួន២២ គ្រឿង ប្រើប្រាស់ទឹកអស់១១០រថយន្ត ស្មើនឹង៤៧០ម៉ែត្រគូប និងអូមប័រ នៃការិយាល័យបង្ការ និងពន្លត់អគ្គីភ័យជើងទឹកចំនួន០២គ្រឿង ព្រមទាំងមានរថយន្តជំនួយពី ទីក្រុងជ្រោយចង្វារ ចំនួន0០៦គ្រឿង ប្រើប្រាស់ទឹក១០រថយន្ត ស្មើនឹង៤០ម៉ែត្រគូប ពីសាលាខណ្ឌឫស្សីកែវរថយន្ត០១គ្រឿង ប្រើទឹក០៣រថយន្តស្មើ១២ម៉ែត្រគូ ប និងពីក្រសួងមហាផ្ទៃ០៣គ្រឿង ប្រើទឹក១២រថយន្តស្មើ៤៨ម៉ែត្រគូប។
អគ្គីភ័យខាងលើបានពន្លត់ចប់សព្វ គ្រប់នៅម៉ោង០៥ និង៣០នាទី នាថ្ងៃខែឆ្នាំដដែល ដោយមិនបន្តឲ្យឆេះរាលដាលដល់ផ្ទះនៅក្បែជិតខាង និងពុំមានមនុស្សរងរបួស ឬស្លាប់ឡើយ ៕