ភ្នំពេញ៖កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយយកស្បែកជើងគំរូចំនួន០៨គូរម៉ាក MICHAEL KORS ប្រព្រឹត្តនៅចំណុចរោងចក្រស្បែកជើងហូស៊ីនតាយ ផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ០០និង៥៧នាទី រំលងអាធ្រាត។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានឲ្យដឹងថាជនសង្ស័យឈ្មោះ វ៉ន មេត្តា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះជួល ផ្លូវលំ ភូមិចោមចៅ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរសន្តិសុខក្រុមហ៊ុនសេវិនវ៉ាយ អេច ភីអេស។
វត្ថុតាងចាប់យកៈបំពង់ទីបជ័រ ចំនួន ០៤ដើម ក្នុងនោះមួយដើមមានទំពក់សម្រាប់ខ្វារសម្ភារៈ ដែកថ្នាំងអំពៅ មានតទំពក់ខាងចុង ចំនួនមួយ, ទំពក់ឫស្សីមានតដងដែកនិងមានទំពក់ខាងចុងចំនួនមួយ, បំពង់ទីបដែក ចំនួនមួយ, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ ២០១៨ លេខតួ-លេខម៉ាស៊ីន៥១០៥៥៦៧ពាក់ស្លាកលេខ ភ្នំពេញ 1GR-0889។
ជនរងគ្រោះឈ្មោះ ស៊ុន ធារ័ត្ន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃល្វា សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ ប្រធានរដ្ឋបាលរោងចក្រស្បែកជើងហូស៊ីនតាយ។ សម្ភារៈបាត់បង់ស្បែកជើងគំរូចំនួន០៨គូរម៉ាក MICHAEL KORS។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕