ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ទ្រស សុខជា នាយករងមន្ទីរប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៣) សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកលោក ដោយមានការសម្របសម្រួលពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានបង្ក្រាបករណីជួយដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ក្នុងផ្ទះជួល លេខ១៣អា ផ្លូវ៦១៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៣និង២០នាទី។
ក្នុងប្រតិបត្តិការខាងលើកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផន ពិសី ភេទស្រី ជនជាតិខ្មែរអាយុ២២ឆ្នាំ។ដកហូតវត្ថុតាងរួមមានៈ សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់១០២៩.៧៩g, ថ្នាំគ្រាប់មេតំហ្វេតាមីន (WY) ១០៩.០៥g និងជញ្ជីងថ្លឹង ០២គ្រឿង។
ឆ្លងតាមការស្រាវជ្រាវនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ម៉ោង១៧និង៣០នាទី នៅចំណុចមុខបូរីឡាយគង់ សង្កាត់ដង្កោ ខណ្ឌដង្កោ កម្លាំងជំនាញយើងបានបន្តឈានទៅចាប់ខ្លួនបក្សពួកម្នាក់ទៀត ឈ្មោះ វិន ចន្ធី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ និងបានចាប់យកវត្ថុតាង មេតំហ្វេតាមីន (ice) ៩៩៩.៦៦g ទៀតផង។
សរុបរួម៖ឃាត់ខ្លួន ២នាក់(ស្រី១នាក់), វត្ថុតាងចាប់យក៖ មេតំហ្វេតាមីន សរុប២១៣៨.៥g ក្នុងនោះ ICE ២០២៩.៤៥g និង WY ១០៩.០៥g ៕