កណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកពញាឮធ្វើការចាប់ខ្លួន បន្ទាប់ពីជនសង្ស័យខាងលើធ្វើសកម្មភាពរំលោភក្មេងស្រីម្នាក់ជាអនិតិជនដល់ក្នុងបន្ទប់ ខណៈម្ដាយឪពុកក្មេងស្រីមិននៅផ្ទះ។ ករណីរំលោភសេពសន្ថវៈខាងលើនេះ កើតឡើងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទី ត្រង់ចំណុចក្នុងផ្ទះឈ្មោះ យ៉ាតពៅ ស្ថិតក្នុងភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជន់ ខួច ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រីឯក្មេងស្រីរងគ្រោះឈ្មោះ វ ម អាយុ១៥ឆ្នាំ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮខេត្តកណ្តាល។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ម្ដាយក្មេងស្រីរងគ្រោះបានចេញពីផ្ទះរបស់ខ្លួនទៅទិញសាប៊ូនៅផ្ទះលក់ចាប់ហួយរបស់ឈ្មោះ រ៉ាន់ ភេទស្រី ក្នុងភូមិជាមួយ រីឯក្មេងស្រីរងគ្រោះជាកូននៅផ្ទះតែម្នាក់ឯង ចំណែកប្តីមិនទាន់មកពីធ្វើការសំណង់ទេ ក្រោយពីទិញរួចមួយសន្ទុះ ម្ដាយក្មេងស្រីរងគ្រោះបានត្រឡប់មកដល់ផ្ទះវិញ ឃើញកូនស្រីរបស់ខ្លួនបានដើរចេញពីបន្ទប់ក្នុងផ្ទះ ហើយលើកខោរបស់ខ្លួនដែលនៅត្រឹមភ្លៅមកត្រឹមចង្កេះ បន្ទាប់មកទៀតក៏ឃើញជនសង្ស័យខាងលើដើរចេញពីបន្ទប់ក្នុងផ្ទះនោះដែរ ដោយដើរបិទឡេវខោ ពុំរូតខោទេ ភ្លាមនោះម្តាយជនរងគ្រោះមានការសង្ស័យក៏ឃាត់អោយជនសង្ស័យនៅអង្គុយលើគ្រែសំយ៉ាបមុខផ្ទះជាមួយគ្នា ហើយម្តាយជនរងគ្រោះបានសួរដេញដោល រហូតក្មេងស្រីរងគ្រោះជាកូនរៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់ម្ដាយ ។ ក្រោយពីស្ដាប់ការរៀបរាប់របស់កូនរួច ស្ត្រីជាម្ដាយបានទៅដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដើមកបីធ្វើការចាប់ខ្លួន ។
ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីស្ត្រីជាម្ដាយរួច ភ្លាមនោះក៏ធ្វើការចាប់ខ្លួនជនសង្ស័យ រួចកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕