ពោធិ៍សាត់៖ បុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈពួកគាត់យករណាទៅកាត់ដើមឈើធំមួយដើម(ប្រភេទឈើឈ្លីក) នៅចំណុចក្បែរផ្ទះមាត់ស្ទឹងស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ឧបទ្ទវហេតុនេះឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៨ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលមានបុរស២នាក់ទី១-ឈ្មោះយ៉ាន យ៉េន ភេទប្រុស អាយុ៤១ឆ្នាំ និងទី២-ឈ្មោះវឺម វេង ភេទប្រុស អាយុ៤៥ឆ្នាំ អ្នកទាំងពិររស់នៅភូមិក្រេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបានដើមឈើរលំសង្កត់ដែលពួកគាត់កំពុងតែអារដួលគេចមិនផុតក៏សង្កត់ស្លាប់ឈ្មោះ យ៉ាន យ៉េន ដោយបាក់ភ្លៅទាំងពីរ រីឯឈ្មោះវឺម វេង រងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេង ក្រោយពេលកើតហេតុជនរងគ្រោះរូបនេះត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យពោធិ៍សាត់ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ។
ក្រោយពេលចុះដល់កន្លែងកើតហេតុ សមត្ថកិច្ចបានអះអាងថា បុរសរងគ្រោះទាំងពីរនាក់បានអារដើមឈើក្បែរផ្ទះនៅមាត់ស្ទឹងកំពុងតែអារដើមឈើដួលពួកគាត់គេចមិនរួចក៏សង្កត់បណ្តាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ ក្រោយពេលកើតហេតុសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕