ស្វាយរៀង៖ កម្លាំងនគរបាលខេត្តស្វាយរៀងសហការជាមួយកម្លាំងអធិការខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចាប់ខ្លួនកូនប្រុសចិត្តតិរច្ឆានកាប់ឪពុករបស់ខ្លួនស្លាប់នៅក្នុងថ្លុកឈាមកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ម៉ោង១៨និង៣០យប់ នៅចំណុចភូមិព្រៃតាធឹក ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
មន្ត្រីនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថាជនសង្ស័យឈ្មោះ ផល ឆាយយ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ ត្រូវជាកូនរបស់ជនរងគ្រោះ បានយកកាំបិតកកុកកាប់ ទៅលើឈ្មោះ សុខ មន ភេទប្រុស អាយុ ៥៦ឆ្នាំ ត្រូវជាឪពុកបង្កើត បណ្តាលអោយដេកស្លាប់ក្នុងថ្លុកឈាម មូលហេតុ ខឹងឪពុកមកពីផឹកស្រាស្រវឹងជេរអ្នកនៅផ្ទះ។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់តែម្តង ។
ដោយមានការចង្អុលដឹកនាំ និងដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់លោក ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនព្រហ្មទណ្ឌ កម្លាំងការិយាល័យជំនាញខេត្ត និង ស្រុក សហការជាមួយកម្លាំងអធិការខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញា គង់ ច័ន្ទខេមរិទ្ធ បានធ្វើការស្រាវជ្រាវទីតាំងលាក់ខ្លួន និងឈានដល់ការឃាត់ខ្លួន ជនសង្ស័យ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ម៉ោង២៣និង៣០នាទី នៅចំណុចភូមិព្រែកទាល់១ សង្កាត់ស្ទឹងមាជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជនសង្ស័យបានបញ្ជូនខ្លួនមកកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ទាំងយប់ ។ លុះដល់ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នេះ សមត្ថកិច្ច បានអោយជនសង្ស័យនាំទៅចង្អុលបង្ហាញទីតាំងលាក់ទុកវត្ថុតាង(កាំបិតកកុក) ជាក់ស្តែងបានរកឃើញវត្ថុតាង។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកសាងសុំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕