មនុស្ស​២​នាក់​របួសធ្ងន់​និង​៣​នាក់​ទៀត​របួសស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ដ​និង​រថយន្ដ​នៅ​ក្រុង​តាខ្មៅ​

30-July-2018 | ដោយ ពលមនសិការ

​កណ្ដាល​៖ មនុស្ស​២​នាក់​ទទួល​រងរបួស​ធ្ងន់ និង​៣​នាក់​ទៀត​ទទួលរង​របួសស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ដ LandCriuser បុក​ជាមួយ​រថយន្ដ​ToyotaPrius​ពេញ​មួយ​ទំហឹង កាលពី​វេលា​ម៉ោង​២១​និង​១៥​នាទី ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ត្រង់ចំណុច​ខាងមុខផ្ទះ​សំណាក់​យីហោ ភ្នំ​មាស លើ​កំណាត់​ផ្លូវជាតិ​២១ ស្ថិតក្នុង​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល ។​

​មន្ត្រីនគរបាល​ចរាច​រណ៍​ក្រុង​តាខ្មៅ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​របួសធ្ងន់​ឈ្មោះ កែវ រិទ្ធី ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្របៅ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ជា​អ្នកបើកបរ​រថយន្ដ​ម៉ាក Toyota Prius ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 2AK-2741 (​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​) និង​អ្នករួមដំណើរ​២​នាក់​មិន​ស្គាល់​អត្ដ​សញ្ញាណ របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ។ ចំណែក​ភាគី​រថយន្ដ​មួយគ្រឿង​ទៀត​ម៉ាក Land Criuser ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 2A-5148 អ្នកបើកបរ​ឈ្មោះ សោម ប៊ុណ្ណា​រ៉ា ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ (​រង​របួស់ស្រាល​) និង​អ្នករួមដំណើរ​ម្នាក់​ភេទ​ប្រុស មិនទាន់​ស្គាល់ឈ្មោះ (​រងរបួស​ស្រាល​) ។​

​ប្រភព​ដដែល​បន្ដថា នៅ​មុនពេល​កើតហេតុ​សាក្សី​បានឃើញ​រថយន្ដ​ម៉ាក​Land Criuser ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បួ​ង លុះ​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ដ​មួយគ្រឿង​ទៀត Toyota Prius បើក​ដោយ​ល្បឿន​លឿន ក៏​បុក​រថយន្ដ​Land Criuser ចំ​ផ្នែក​ស្ដាំ​ពេញ​មួយ​ទំហឹង បណ្ដាល​ឲ្យ​ជនរងគ្រោះ​ជា​អ្នកបើករថយន្ដ Toyota Prius ទទួលរង​របួសធ្ងន់​២​នាក់​និង​ស្រាល​ម្នាក់ រីឯ​អ្នកបើកបរ​រថយន្ដ Land Criuser​ទទួលរង​របួសស្រាល​២​នាក់ ។​

​ក្រោយពី​មាន​ហេតុការណ៍​កើតឡើង ជនរងគ្រោះ​របួសធ្ងន់ ត្រូវបាន​រថយន្ដ​សាមុយ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កណ្ដាល​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ដោយឡែក​មធ្យោបាយ​ពាក់ព័ន្ធ​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង ចុះ​ធ្វើការ​វាស់វែង​និង​កសាង​ឯកសារ​ដកហូត​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

​តាម​ការ​ឲ្យ​ដឹង​របស់​សមត្ថកិច្ច​បាន​បញ្ជាក់ថា ករណី​ខាងលើនេះ​គឺ​បណ្ដាលមកពី​អ្នកបើកបរ​រថយន្ត​ម៉ាក Land Criuser បើកបរ​បត់​ឆ្វេង​ខ្វះ​ការប្រុងប្រយ័ត្ន រីឯ​អ្នកបើកបរ​រថយន្ត​ម៉ាក Toyota Prius បើក​ក្នុង​ល្បឿន​លឿន ស្ថិតក្នុង​ស្ថានភាព​មាន​ជាតិ​ស្រវឹង ទើបបាន​ជាមាន​រឿងហេតុ​នេះ​កើតឡើង ៕​

ចំនួនអ្នកទស្សនា

    20613687

  • ថ្ងៃនេះ421
  • ម្សិលមិញ9421
  • សប្តាហ៍នេះ56081
  • ខែនេះ171231
  • ឆ្នាំនេះ171231
  • សរុប20613687