កណ្ដាល៖កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១៨ និង ៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងរថយន្ត បណ្ដាលឲ្យព្រះសង្ឃមួយអង្គនិងបុរសម្នាក់ទទួលរងរបួសធ្ងន់ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ៣៥_៣៦ ស្ថិតក្នុងភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ឈ្មោះ ទ្រីម ផានិត ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាក CLICK ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1F-4220 មានព្រះសង្ឃមួយអង្គជាអ្នករួមដំណើរព្រះនាម ស៊យ សុភាព ព្រះជន្ម៣៥ឆ្នាំ គង់នៅវត្តសំរោង ឃុំនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ(រងបួសធ្ងន់) ។ ចំណែករថយន្តម៉ាកNISSAN ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AM-8944 បើកបរដោយឈ្មោះ ហុង គីមសេង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅសង្កាត់ជ័យជំនះ ខ័ណ្ឌដូចពេញ រាជធានីភ្នំពេញ ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកជិះម៉ូតូហុងដាCLICKដោយមានឌុបព្រះសង្ឃមួយអង្គធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ លុះជិះមកដល់ចំណុចកើតហេតុ ជនរងគ្រោះក៏បានបន្ថែមល្បឿនវ៉ាជែងម៉ូតូមួយគ្រឿងបើកនៅខាងមុខ តែមិនប្រយ័ត្នបានជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងទៀតបើកច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យបុរសជាអ្នកជិះម៉ូតូរួមទាំងព្រះសង្ឃមួយអង្គទទួលរងរបួសធ្ងន់ ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរួមទាំងព្រះសង្ឃត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុកពញាឮ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕