សម្តេចតេជោ ហ៊ុន សែន អញ្ជើញ សម្ពោធចំណតនាវាដឹកអ្នកដំណើរតាមកាណូត

01-August-2018 | ដោយ ពលមនសិការ

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ៥​រោច ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​១ ខែសីហា ឆ្នាំ ២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ចំណត​នាវា​ដឹក​អ្នកដំណើរ នៅក្នុង​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​បន្ទាប់ពី​បាន​សម្ពោធ​ចំណត​នាវា​ដឹក​អ្នកដំណើរ នៅក្នុង​ខណ្ឌ​ឬ​ស្សី​កែវ រួចហើយ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​មួយចំនួន​បាន​អញ្ជើញ​ធ្វើដំណើរ​តាម​នាវា ពី​ចំណត​ឫស្សីកែវ​មកកាន់​ចំណត​នាវា​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល​។ យើង​បានឃើញ​ទិដ្ឋភាព​ដ៏​ស្រស់បំព្រង​នៅតាម​ដង​ទន្លេ ជាពិសេស​បានឃើញ​ពី​ការវិវឌ្ឍ​រីកចម្រើន​នៃ​សហគម​រស់នៅ​តាម​ទីក្រុង​ភ្នំពេញ​ផងដែរ​។​

​គួរ​រំលឹក​ផងដែរ​ថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានដាក់​ឲ្យ​ប្រើប្រាស់​បណ្តោះអាសន្ន​នូវ​ការធ្វើ​ប្រតិបត្តិ​ការដឹក​អ្នកដំណើរ​ដោយ​ឥតគិតថ្លៃ​កាលពី​ថ្ងៃទី​៦ មេសា ឆ្នាំ​២០១៨ រហូតដល់​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨ ដោយបាន​ប្រើប្រាស់​នាវា​ដឹក​អ្នកដំណើរ​ចំនួន ៤​គ្រឿង (២​គ្រឿង​ទិញ​ពី​ប្រទេស​វៀតណាម និង​២​គ្រឿង​ទៀត ជួល​ពី​ក្រុមហ៊ុន Royal Express Boat)​។ នាវា​នីមួយៗ​មាន​សមត្ថភាព​ផ្ទុក​អ្នកដំណើរ​បាន ៥៤-៦០​នាក់ មាន​ល្បឿន​មធ្យម ៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​ប្រើ​រយៈពេល​ប្រមាណ​តិចជាង​មួយ​ម៉ោង​រវាង​ចំណត​នាវា​ដើមទី (​ឬ​ស្សី​កែវ​) និង​ចំណត​នាវា​ចុង​ទី (​តាខ្មៅ​) ដែល​រយៈ​ពេលនេះ​តិចជាង​រយៈពេល​ធ្វើដំណើរ​តាម​ផ្លូវគោក​ប្រមាណ​២​ដង​។​

​ការធ្វើដំណើរ​តាម​នាវា​នេះ​មាន​ភាពទៀងទាត់ មាន​សុវត្ថិភាព និង​បាន​បម្រើ​សេវាកម្ម​ជូន​ប្រជាពលរដ្ឋ​ចាប់ពី​ម៉ោង ៥:៣០​ព្រឹក រហូតដល់​ម៉ោង ៦:៣០​ល្ងាច ហើយ​គិត​ចាប់ពី​ថ្ងៃ​ដាក់​ដំណើរការ​បណ្តោះអាសន្នរ​ហូត​ដល់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ មាន​អ្នកដំណើរ​សរុប ៣០,៦៤៧​នាក់ ដែលជា​មធ្យម​មាន​អ្នកដំណើរ​ប្រមាណ ២០០​នាក់​ក្នុង​មួយថ្ងៃ​។ សម្រាប់​ចំណត​នាវា​ឫស្សីកែវ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​នៅ​ព្រឹក​នេះ មាន​ផ្ទៃក្រឡា​បេតុង ៩៦៨​ម៉ែត្រការ៉េ ផែ​ដែក​បណ្តែត​មាន​ទំហំ ៣៦៦​ម៉ែត្រការ៉េ អាច​ផ្ទុក​បាន​ទម្ងន់​អតិបរិមា ១៨០​តោន ស្ពានដែក​មាន​ប្រវែង ៣០​ម៉ែត្រ និង​អគារ​រង់ចាំ​មាន​ទំហំ ៨៤​ម៉ែត្រការ៉េ ព្រមទាំង​មាន​បំពាក់​ឧបករណ៍​សម្ភារៈ​គ្រប់គ្រាន់ ដោយ​ប្រើប្រាស់​ថវិកាជាតិ​ទាំងស្រុង​ប្រមាណ​ជិត ៥៩​ម៉ឺន​ដុល្លារ​អាមេរិក​។​

​ក្រៅពី​ចំណត​នាវា​ឫស្សីកែវ ដើម្បី​បម្រើ​ការងារ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​នេះ​ឲ្យ​កាន់តែ​ងាយស្រួល​នោះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏បាន​សាងសង់​ចំណត​នាវា​ចំនួន​៤​ផ្សេងទៀត​រួមមាន​៖ ចំណត​នាវា​ផ្សារ​ចាស់​, ចំណត​នាវា​ចតុមុខ​, ចំណត​នាវា​ច្បារអំពៅ និង ចំណត​នាវា​តាខ្មៅ​។ ទីតាំង​ចំណត​នាវា​ដឹក​អ្នកដំណើរ​នីមួយៗ មានភ្ជាប់​ជាមួយ​ស្ថានីយ៍​រថយន្តក្រុង​ដែល​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ការប្តូរ ឬត​ភ្ជាប់​គ្នា​នូវ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​ផ្លូវគោក​។​

​នៅពេលនេះ​បងប្អូន​អាច​ជ្រើសរើស​ការធ្វើដំណើរ​តាម​កាណូត និង​ដឹកជញ្ជូន​ទំនិញ​ផ្សេងៗ​តាមផ្លូវ​ទឹក បាន​កាន់តែ​ងាយស្រួល ដែល​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​តាមផ្លូវ​ទឹក និង​ដើម្បី​ជំរុញ​ជីវភាព​រស់នៅ​របស់​ប្រជាជន​អោយ​កាន់តែ​ប្រសើរឡើង​។ ម្យ៉ាងវិញទៀត គឺ​នឹង​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​បាន​មួយកម្រិត​ធំ​ទៀតផង​៕​

ចំនួនអ្នកទស្សនា

    20611897

  • ថ្ងៃនេះ8061
  • ម្សិលមិញ16391
  • សប្តាហ៍នេះ54291
  • ខែនេះ169441
  • ឆ្នាំនេះ169441
  • សរុប20611897