​ជំនន់​ទឹកភ្លៀង​បណ្តាល​ឲ្យ​លិច​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​

02-August-2018 | ដោយ ពលមនសិការ

​ព្រះសីហនុ​៖ ឯកឧត្តម យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៨​នេះ​ថា​ភ្លៀង​ធ្លាក់​ខ្លាំង​តាំងពី​ព្រលឹម​បណ្តាល​ឲ្យ​លិច​តំបន់​ទំនាប ភាគច្រើន​ដូចជា​នៅក្នុង​ភូមិសាស្ត្រ សង្កាត់​លេខ​៤ និង​សង្កាត់​លេខ​៣ ខេត្ត​ព្រះសីហនុ​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា​ជំនន់​ទឹកភ្លៀង​ខាងលើ​មិន​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ​នោះទេ ចំណែក​ផ្លូវ​ក៏​មិន​ខូចខាត​ខ្លាំង​ដែរ គ្រាន់តែ​ពិបាក​ធ្វើដំណើរ​បន្តិចបន្តួច​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា​នៅ​ព្រឹក​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៨​នេះ ក្រោយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ចាប់តាំងពី​ព្រឹក​ព្រលឹម​មក មាន​ទឹកជំនន់​ជន់​លិច​នៅតាម​តំបន់​ទំនាប ភាគច្រើន​ដូចជា​នៅក្នុង​ភូមិសាស្ត្រ សង្កាត់​លេខ​៤ និង​សង្កាត់​លេខ​៣​ជាដើម​។ ផ្លូវទឹក​មួយចំនួន​ដែល​កកស្ទះ​កន្លងមក​ត្រូវបាន​អជ្ញាធរ​និង​មន្ត្រី​ជំនាញ​ចាត់ចែង​ស្តារ​ជា​បន្តបន្ទាប់ ដោយ​សង្ឃឹមថា ក្រោយ​ភ្លៀង​រាំង ទឹក​ក៏​អាច​ស្រក​ហូរ​អស់ពី​ផ្លូវ​ឬ​កន្លែង​ដែល​ទឹក​ជន់​លិច​នោះ​វិញ​ដែរ​។​

​គួរ​បញ្ជាក់ថា​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ចាត់ចែង​គ្រឿងចក្រ​ចុះ​កាយ​ស្តារ បើកមុខ​ផ្លូវទឹក តាម​តំបន់​មួយចំនួន​ដែល​ឧស្សាហ៍​កើតមាន​ការ​ជន់​លិច​ពេល​មាន​ភ្លៀង​ម្តងៗ ដូចជា​នៅ​ផ្លូវ​អិ​ល​វី​ក្នុង​សង្កាត់​លេខ​៤ ម្តុំ​ស្ពាន​អូរ​សំអាត​និង​ចំណុច​អណ្តូង​អ៊ុនតាក់​ក្នុង​សង្កាត់​លលេ​ខ​៣ ព្រមទាំង​នៅ​តំបន់​ទំនប់រលក​ជាដើម​។

ជាមួយគ្នានេះ អភិបាលក្រុង​ព្រះសីហនុ លោក​អ៊ី សុខ​ឡេង ក៏បាន​អំពាវនាវ​អោយ​ពលរដ្ឋ​ចូលរួម​បន្ថែម​ចំពោះ​បញ្ហា​នេះ ដូចជា​ការ​ហា ម​ឃាត់​មិនអោយ​បោះ​សំរាម​អនាធិបតេយ្យ​ចូលក្នុង​អូរ​ឬ​ប្រឡាយ​រំដោះ​ទឹក និង​ហាមឃាត់​ការចាក់ដី​ឬ​ការ​សាង សង់​សំណង់​ផ្សេងៗ​លើដី​ចំណី​អូរ​ក្នុង​ក្រុង​ជាដើម ក្នុងនោះ​រដ្ឋបាល​ក្រុងព្រះសីហនុ​ក៏បាន​ប្រើ​វិធានការ​ផ្លូវច្បាប់ ចុះ​បង្ខំ​អោយ​អ្នកពាក់ព័ន្ធ​ដែល​សាងសង់​ខុសច្បាប់​ប៉ះពាល់​ដី​អូរ​ឬ​ប្រឡាយ​បង្ហូរទឹក​អោយធ្វើ​ការរុះ​រើចេញ​វិញ​ផងដែរ ៕

ចំនួនអ្នកទស្សនា

    20612537

  • ថ្ងៃនេះ8701
  • ម្សិលមិញ16391
  • សប្តាហ៍នេះ54931
  • ខែនេះ170081
  • ឆ្នាំនេះ170081
  • សរុប20612537