បាត់ដំបង៖នៅថ្ងៃអាទិត្យ ០៩រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២២និង០០នាទី នៅចំណុចវាលអន្ទង់ស ភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ មានករណីមនុស្សឃាតដោយចេតនា បង្កដោយជនសង្ស័យចំនួន ២នាក់មិនស្គាល់អត្តសញ្ញាណ បើករថយន្តម៉ាកហាយឡែនឌ័រមិនចាំស្លាកលេខ ១គ្រឿង មកឈប់មុខរថយន្តដឹកទឹកកក ១គ្រឿង។
លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានរាយការណ៍អោយដឹងថា ជនរងគ្រោះមានគ្នា ៣នាក់ជិះរថយន្តដឹកទឹកកក ទី១.ឈ្មោះ ពេជ្រ ភិសា ភេទប្រុស អាយុ ២៥ឆ្នាំ ជាអ្នកបើកបរ (ស្លាប់) ទី២.ឈ្មោះ ហេង ឡិច ភេទប្រុស អាយុ ២០ឆ្នាំ និង៣.ឈ្មោះ ប៊ូ ចាន្ធី ភេទប្រុស អាយុ ២៧ឆ្នាំ អ្នកទាំងបីមានទីលំនៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់។
ជនសង្ស័យបានប្រើកាំភ្លើងខ្លីបាញ់សំដៅជនរងគ្រោះនៅលើឡានបណ្ដាលឲ្យត្រូវស្លាប់ម្នាក់ (នៅតាមផ្លូវដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ)។
ចំពោះមូលហេតុគឺបណ្តាលមកពីទំនាស់ពាក្យសម្ដីនឹងគ្នារឿងជនសង្ស័យឲ្យសងថ្លៃរថយន្តដឹកទឹកកកប៉ះពារខូចឡាន ជនរងគ្រោះប្រកែកមិនសង។
ករណីនេះ សមត្ថកិច្ចជំនាញកំពុងត្រួតពិនិត្យកន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវរកមុខជនសង្ស័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕