កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​ ប្រមាណ​ជាង​៤០០​នាក់​បាន​ចូលរួម​ច្រូតស្រូវ​ជូន​ប្រជា​កសិករ​

07-August-2018 | ដោយ ពលមនសិការ

បន្ទាយ​មាន​ជ័យ​៖​ កម្លាំង​នគរបាល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ប្រមាណ​ជាង​៤០០​នាក់​បាន​ចូលរួម​ច្រូតស្រូវ​ ប្រជា​កសិករ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ជាង​២,០០០​ហិតា​ នៅ​ព្រឹក​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០១៨​ នៅ​ឃុំ​រហាត់ទឹក​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​។​

​លោក​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ឲ្យ​ដឹង​ថា​ក្រោយ​ពេល​ទទួល​ព័ត៌មាន​ប្រជា​កសិករ​ឃុំ​រហាត់ទឹក​រង​គ្រោះ​ដោយ​ស្រូវស្រាល​ប្រភេទ​ស្រូវ​សែន​ក្រអូប​លិច​ទឹក​ជាង​២,០០០​ហិតា​ ហើយដោយ​មានការ​ណែនាំ​ពី​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​ហើយ​លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ខេត្ត​ ស្រុក​ ក្រុង​និង​កម្លាំង​នគរ​ការពារ​ព្រំដែន​គោក​បាន​ចុះ​អន្តរាគមន៍​ជួយ​ច្រូតកាត់​និង​ប្រមូល​ផល​ដែល​ជា​៦​ក្រុម​។​

លោក​បាន​បញ្ជាក់​ថា​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​ក្រៅពី​ការងារ​ការពារ​សន្តិសុខ​និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​និង​សង្គម​ បាន​ជួយ​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ធម្មជាតិ​មាន​ គ្រោះ​ទឹកជំនន់​ និង​ខ្យល់​កន្ត្រាក់​ គ្រោះ​រាំង​ស្ងួត​ និង​កសាង​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​។​

លោក​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ ជាកស្តែង​កម្លាំង​នគរបាល​ខេត្ត​បាន​ជួយ​អន្តរាគមន៍​ជួយ​ប្រមូល​ផល​ច្រូតកាត់​ស្រូវស្រាល​ដែល​លិច​ទឹក​គឺ​ច្រូត​ហើយ​ដាក់​ថង់​កាវ​វែង​អូស​មក​ដាក់​តាម​ទួល​ ឬ​មាត់​ប្រឡាយ​សម្រុះ​ទឹក​ហើយ​ដាក់​គោ​យន្ត​ជូន​ប្រជា​កសិករ​ដឹក​ទៅ​ផ្ទះ​ដើម្បី​ធ្វើការ​បោក​បែន​សម្រាប់​គ្រួសារ​។​

ប្រជា​កសិករ​បាន​ថ្លែង​អំណ​គុណ​ចំពោះ​លោក​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​និង​ស្នងការ​រង​នគរបាល​ខេត្ត​និង​កងកម្លាំង​បាន​ជួយ​ប្រមូល​ផល​ស្រូវស្រាល​ប្រភេទ​ស្រូវ​សែន​ក្រអូប​ដែល​លិច​ទឹក​ទោះជា​ជួប​ការ​លំបាក​នៅ​តែ​ខិតខំ​ច្រូតកាត់​ទាំង​លិច​ទឹក​ហើយ​ជញ្ជូន​ឲ្យ​ផុត​ពី​ទឹក​ពិតជា​បម្រើ​ប្រជាពលរដ្ឋ​ដោយ​បាន​គិត​ពី​ការ​នឿយហត់​ឡើយ​ ៕

ចំនួនអ្នកទស្សនា

    20611547

  • ថ្ងៃនេះ7711
  • ម្សិលមិញ16391
  • សប្តាហ៍នេះ53941
  • ខែនេះ169091
  • ឆ្នាំនេះ169091
  • សរុប20611547