ត្បូងឃ្មុំ ៖ រថយន្តដឹងប្រេងសាំងរបស់ក្រុមហ៊ុន L.H.R បុកម៉ូតូមួយគ្រឿងបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅហ្នឹងកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ១១ ចន្លោះគីឡូម៉ែត្រលេខ៧៣-៧៤ ស្ថិតនៅភូមិទំនាប ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកកាំម៉ាស ពណ៌ស-ក្រហម ពាក់ស្លាកលេខ ក.1020 ភព-3 ជារបស់ក្រុមហ៊ុនប្រេងសាំង L.H.R អ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្រោយកើតហេតុរត់គេចខ្លួនបាត់ ពេលមកដល់កន្លែងកើតហេតុបានបុកជាមួយម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរ ដោយឈ្មោះ គង់ មន ភេទប្រុស អាយុ៣៥ ឆ្នាំជាតិខ្មែរនៅភូមិ៧៦ ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ (ស្លាប់នៅកន្លែងកើតហេតុ) ។
អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ។
ប្រភពដដែលបន្តថារថយន្តនិងម៉ូតូទិសដៅបញ្ច្រស់ទិសគ្នា រថយន្តបើកពីជើង ទៅត្បូងហើយគេចក្រលុកនៅលើផ្លូវក៏ជ្រុលទៅបុកម៉ូតូលើចិញ្ចើមផ្លូវខាងកើតដែលកំពុងបើកបរពីត្បូងទៅជើង។
ក្រោយកើតហេតុកម្លាំងជំនាញបានវាសវែងយកមធ្យោបាយពាក់ព័ន្ធមករក្សាទុក ចំណែកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕