ពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកក្រគរនគរបាលប៉ុស្តិ៍រដ្ឋបាលក្បាលត្រាច និងកម្លាំងប្រជាការពារដឹកនាំដោយលោកវរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរ បានចុះបង្ក្រាបនិងចាប់ឃាត់បុរសប្តីប្រពន្ធពីរនាក់ពីបទលួចលុយព្រះសង្ឃចំនួន២,៤៥៤,៥០០រៀល កាលពីវេលាម៉ោង១៣និង១៥នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចកុដិលោកវត្តបុប្ផាសុវណ្ណស្ថិតក្នុងភូមិកណ្តាល ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីសកម្មភាពចោរកម្មនេះភ្លាម លោកបានដឹកនាំកម្លាំងនគរបាល និងប្រជាការពារក្នុងភូមិធ្វើការចុះបង្ក្រាបភា្លមៗទាន់ពេលវេលា និងចាប់ឃាត់ខ្លួនជនសង្ស័យជាប្តី មានឈ្មោះ ស៊ូ គឹមហ៊ុល អាយុ ៣៧ឆ្នាំ ប្រុស ខ្មែរ មានទីលំនៅភូមិព្រែកមហាទេព ឃុំព្រែកមហាទេព ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង និងជនសង្ស័យជាប្រពន្ធឈ្មោះ ឈុន ស្រីពៅ អាយុ ២៧ ឆ្នាំ ខ្មែរ មានកូន ២ នាក់ប្រុស។
រីឯវត្ថុតាងរួមមាន៖ម៉ូតូម៉ាកឃ្លីក ០១គ្រឿង ពណ៍ស គ្មានស្លាកលេខ,ទូរស័ព្ទដៃ ០២ គ្រឿង និងលុយ ចំនួន ២,៤៥៤,៥០០៛ (ពីលានបួនសែន ប្រាំម៉ឺនបួនពាន់ប្រាំរយរៀល)។
លោកអធិការបានបន្តថា បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរតាមបញ្ជាររបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ចុះថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៨ នៅវេលាម៉ោង១៥ និង០៩ នាទីរសៀលដើម្បីកសាងសំណុំរឿងទៅតាមនិតិវិធី៕