ភ្នំពេញ៖ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងជំនាញបង្ក្រាបក្រុមជនសង្ស័យលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ) កាលពីថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៦និង ៣០នាទី ត្រង់ចំណុចខាងមុខស្ថានីយ៍ ប្រេងសាំងL.H.R ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជ ធានីភ្នំពេញ។
លោកអធិការបន្តថាជនសង្ស័យទាំង២នាក់រួមមានទី១-ឈ្មោះ លឹម សំអឿន ហៅរិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិត ប្រាកដ ស្នាក់នៅផ្ទះជួលសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី២-ឈ្មោះ ភូតា ដារ៉ាវិទ្យា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(មានសារធាតុញៀនក្នុងខ្លួន) ។
ជនរងគ្រោះឈ្មោះ អ៊ី ហ៊ុយយាន ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិស្រុកធំ ឃុំ ជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃម៉ាកអូប៉ូ (Oppo) ពណ៌ទឹកប្រាក់ មានលេខ093 401041 ចំនួន០១គ្រឿង, ម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខកំពង់ចាម1T-1995 មានលេខតួ និងលេខម៉ាស៊ីន 9034947ចំនួន០១គ្រឿង, អត្តសញ្ញាណបណ្ណឈ្មោះ ភូតា ដារ៉ាវិទ្យា ចំនួន០១សន្លឹក, អត្តសញ្ញាណបណ្ណ ឈ្មោះ លឹម សំអឿន ចំនួន០១សន្លឹក។
លោកអធិការបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទី ជនរងគ្រោះឈ្មោះ អ៊ី ហ៊ុយ យាន ភេទស្រី អាយុ២៦ឆ្នាំ បានជិះម៉ូតូ០១គ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AQ-5957 មានលេខ ម៉ាស៊ីន362710 ម្នាក់ឯង ចេញពីរោងចក្រកាត់ដេរ វ៉ាយដាប់បែលយូ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីទៅផ្ទះស្ថិតនៅភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ពេលនោះជនរងគ្រោះជិះម៉ូតូម៉ាកខាងលើ ពីជើងទៅត្បូងតាមផ្លូវ២១៧ បានចំងាយប្រហែល២០០ម៉ែត្រ ស្ថិតនៅភូមិ ព្រែកជ្រៃ សងា្កត់ស្ពានថ្ម ខាងលើ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង ស្របទិស គ្នាមកអែបនិងម៉ូតូរបស់ជនរងគ្រោះខាងឆ្វេងដៃ រួចជនសង្ស័យឈ្មោះ លឹម សំអឿន ហៅ រិទ្ធ ដែលអង្គុយខាង ក្រោយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាកអូប៉ូ (Oppo) ពណ៌ទឹកប្រាក់ មានលេខ093 401041 ដែលជនរងគ្រោះកំពុងនិយាយបណ្តើរជិះម៉ូតូបណ្តើរយកបានសម្រេច ។
បន្ទាប់មកជនរងគ្រោះក៏បានជិះម៉ូតូដេញតាមពី ក្រោយជនសង្ស័យស្រែកថា ចោរៗ ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ចយើងដែលកំពុងជិះម៉ូតូល្បាតក្បែរនោះស្រាប់បានជួយធ្វើអន្តរាគមន៍ភ្លាមៗ ដេញតាម និងស្ទាក់ពីមុខដល់ចំណុចរង្វង់មូលដីក្រហម(កួរស្រូវ) ជនសង្ស័យទាំង០២នាក់ក៏បានបើកម៉ូតូជ្រុលទៅបុករង្វង់មូលដួលម៉ូតូបណ្តាលអោយប៉ះជាមួយម៉ូតូជនរងគ្រោះ ដែលជិះដេញតាមពីក្រោយដែរនោះ ដួលរងរបួសបាក់ដងកាំបិត(ឆ្អឹងស្មា) ខាងស្តាំ យកទៅសង្គ្រោះនៅមន្ទីរ ពេទ្យរុស្ស៊ី ហើយសមត្ថកិច្ចយើងក៏បានទៅបំភ្លឺជនរងគ្រោះដែរតែមិនអាចធ្វើការបំភ្លឺបាន កំពុងសង្គ្រោះបន្ទាន់ ទើបឈ្មោះ ថេង អ៊ី ភេទប្រុស អាយុ៥២ឆ្នាំ (ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ) បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យទាំង០២នាក់ ដើម្បីអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕