សៀមរាប៖ កម្លាំងនគរបាលស្រុកពួក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន៣នាក់ ពាក់ព័ន្ធករណីប្លន់ផ្ទះប្រជាពលរដ្ឋបើកមុខរបរវេលុយនិងប្តូរប្រាក់ កាលពីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិអូរតាប្រាក់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាបានឲ្យដឹងថាជនរងគ្រោះទី១-ឈ្មោះ តៅ សុភាភេទស្រី អាយុ៤៤ឆ្នាំ, ទី២-ឈ្មោះ ជូ រចនា ភេទស្រី អាយុ២៦ឆ្នាំ, ទី៣-ឈ្មោះ ឌឹម វិជ្ជារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ និងកូនតូចម្នាក់។
លោកស្នងការខេត្តបន្តថាមុនពេលកើតហេតុឈ្មោះ ឌឹម វិជ្ជារ៉ា បើករថយន្តម៉ាកកាម៉ារី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-9660 ចេញពីប្រកបរបរប្តូរប្រាក់វេរលុយនៅក្នុងផ្សារលើធំថ្មី ក្រុងសៀមរាប ត្រឡប់មកផ្ទះរបស់ពួកគាត់វិញ (ភូមិឃុំកើតហេតុ) លុះបើកមកដល់មុខរបងផ្ទះគាត់ជនរងគ្រោះ ឈ្មោះ តៅ សុភា បានចុះពីឡានផ្នែកខាងក្រោយម្នាក់ឯងដើម្បីបើកទ្វាររបងចូលស្រាប់តែឃើញមានក្រុមជនសង្ស័យមិនស្គាល់មុខ៣នាក់មានពាក់ម៉ាស់បិទមុខជិត ភេទប្រុស អាយុប្រហែល៣០ឆ្នាំជាង មាឌធំខ្ពស់ស្លៀកពាក់ស៊ីវិលមិនច្បាស់ភិនភាគបានដើរចេញពីព្រៃផ្នែកខាងកើតអែបផ្លូវនោះសម្តៅមកឡានគាត់ភ្លាមនោះមានម្នាក់ទៀតស្ទុះមកវាយលើគាត់ដោយវត្ថុរឹងចំក្បាលបណ្តាលឲ្យគាត់រងរបួសតែគេមិនបាននិយាយអ្វីទេហើយគាត់លើកដៃប្រវ៉ាយទៅមនុស្សនោះវិញ និងបានស្រែករកអ្នកជិតខាងជួយចំណែកគ្នាគេម្នាក់ទៀតបានវាយបំបែកកញ្ចក់ឡានបែកផ្នែកខាងស្តាំបណ្តាលឲ្យមុតកូតស្បែកកែងដៃស្តាំជនរងគ្រោះ ឈ្មោះ ជូ រចនា ដែលអង្គុយក្នុងនោះបំណងរកទ្រព្យសម្បត្តិមានតម្លៃ ដោយជនរងគ្រោះស្រែកខ្លាំងផ្អើលអ្នកជិតខាងក្រុមជនសង្ស័យទាំងនោះបានរត់គេចខ្លួនទៅទិសខាងកើតឆ្លងស្ទឹងបាត់និងមិនមានបាត់បង់ទ្រព្យសម្បត្តិទេ។
ក្រោយទទួលបានសេចក្តីរាយការណ៍ កម្លាំងបានទៅដល់កន្លែងកើតហេតុ ត្រួតពិនិត្យឃើញឡានរបស់ជនរងគ្រោះ(ធុនខាងលើ)មានបែកកញ្ចក់ខាងស្តាំ និងឃើញមានវត្ថុតាង គ្រាប់កាំភ្លើងមួយគ្រាប់ , បង់កាំភ្លើងមួយ មាន៨គ្រាប់នៅដីជិតរបងផ្ទះជនរងគ្រោះ។ បន្ទាប់កម្លាំងសមត្ថកិច្ច រួមទាំងប្រជាការពារនិងអាវុធហត្ថស្រុកធ្វើការរុករកតាមក្រុមជនសង្ស័យក្នុងមូលដ្ឋាននោះ បានឃើញមានគ្រាប់កាំភ្លើងមួយគ្រាប់ទៀតនៅផ្លូវបេតុងក្នុងភូមិប្រយុទ្ធ ឃុំ/ស្រុកពួកដែលនៅទិសខាងកើតកន្លែងកើតហេតុ។ នៅម៉ោង១និង២០នាទីរំលងអាធ្រាត្រហូតម៉ោង៤ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ជនសង្ស័យត្រូវបានកម្លាំងនគរបាលអធិការស្រុកពួក ឃាត់ខ្លួនបានចំនួន៣នាក់ដែលបានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស(ប្លន់)ស្ថិតនៅភូមិអូរតាប្រាក់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
ជនសង្ស័យទាំង៣នាក់រួមៈទី១-ឈ្មោះ Hu Ming chao ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិនមកពីខេត្តHernanមុខរបរស្នាក់នៅក្រុងសៀមរាប។
ទី២-ឈ្មោះLyXiaoSi ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរមកពីខេត្តHernanមុខរបរ ស្នាក់នៅក្រុងសៀមរាប។
ទី៣-ឈ្មោះ ZHANGYONGSHENG ភេទ ប្រុស អាយុ ៤៨ឆ្នាំជនជាតិចិន។
តាមការសាកសួរចម្លើយបឋមពួកគេបានឆ្លើយថាគេបានទៅកន្លែងកើតហេតុតែមិនឆ្លើយពីសកម្មភាពរបស់ពួកគេទេ។ ជនសង្ស័យទាំងបីនាក់ត្រូវបានកម្លាំងនគរបាលស្រុកពួកបញ្ជូនខ្លួនតាមនីតិវិធីមកការិយាល័យជំនាញសាកសួរបន្តនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ៕