កណ្ដាល ៖ ជនសង្ស័យ៤នាក់ ត្រូវបាននគរបាលក្រុងតាខ្មៅ សហការជាមួយនគរបាលប៉ុស្ដិ៍ស្វាយរលំ ធ្វើការចាប់ខ្លួន និងដកហូតថ្នាំញៀនចំនួន១២កញ្ចប់ និងអាវុធខ្លី១ដើម។ ប្រតិបត្ដិការបង្ក្រាបជនសង្ស័យខាងលើ ធ្វើឡើងនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះជនសង្ស័យឈ្មោះ សុន សាន់ ស្ថិតក្នុងភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។
ក្នុងប្រតិបត្ដិការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចធ្វើការដកហូតវត្ថុតាងមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន១២កញ្ចប់ (ធំ២កញ្ចប់ និងតូច១០កញ្ចប់),កាំភ្លើងខ្លី១ដើមម៉ាក (PRAHA),បង់កាំភ្លើង១ មានគ្រាប់ចំនួន៨គ្រាប់និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ។
មន្ដ្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានគ្នា៤នាក់ ទី១-ឈ្មោះ សុន សាន់ ហៅក្រៅ អាក្របី ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ទី២-ឈ្មោះ ខឿន ប្រុស ហៅប្រុស ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទី៣-ឈ្មោះ សុន សាន្ត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៤-ឈ្មោះ ធី កុសល ហៅង៉ោ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ជនសង្ស័យទាំង៤នាក់មានទីលំនៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា មុនឈានដល់ធ្វើការចាប់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើនេះ នៅមុនពេលកើតហេតុកម្លាំងនគរបាលក្រុងតាខ្មៅ បានទទួលព័ត៌មានច្បាស់ការថា ជនសង្ស័យឈ្មោះ សុន សាន់ កំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀននៅផ្ទះរបស់ខ្លួន ស្ថិតក្នុងឃុំស្វាយរលំ ។ ក្រោយពីទទួលព័ត៌មានភ្លាម នគរបាលក្រុងតាខ្មៅបានសហការជាមួយនគរបាលប៉ុស្ដិ៍រដ្ឋបាលស្វាយរលំ ចុះដល់ចំណុចកើតហេតុរួចបានធ្វើការបង្ក្រាបឡោមព័ទ្ធផ្ទះជនសង្ស័យខាងលើ ឈានដល់ចាប់ខ្លួនជនសង្ស័យសរុបទាំងអស់៤នាក់ និងឆែកឆេរបានរកឃើញថ្នាំញៀនចំនួន១២កញ្ចប់ កាំភ្លើងខ្លី១ដើម និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត យកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕