ព្រះសីហនុ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្តព្រះសីហនុឃាត់ខ្លួនពាក់ព័ន្ធករណីចោរកម្ម(លួចម៉ូតូ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១៩ និង៣០នាទី ស្ថិតនៅចំណុច មុខមន្ទីពេទ្យ៨៨៨ (ចាស់) ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថាមុនពេលកើតហេតុ ជនសង្ស័យ ម្នាក់ បានធ្វើសកម្មភាពលួចយកម៉ូតូ មួយគ្រឿង ម៉ាក វ៉េវ អេស ស៊េរីចាស់ គ្មានស្លាកលេខ របស់ជនរងគ្រោះ ខណៈពេលដែលជនរងគ្រោះចតម៉ូតូ ទុកចោលនៅមុខមន្ទីរពេទ្យ ៨៨៨(ចាស់) ហើយចូលទៅទិញថ្នាំនៅក្បែរនោះ។ បន្ទាប់ពីបានទទួលបានដំណឹង ភ្លាមៗនោះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានដាក់កម្លាំងស្ទាក់ចាប់បានជនសង្ស័យក្នុងពេលដែលគេកំពុងជិះម៉ូតូដែលគេលួចបាននៅជិតរង្វង់មូលតោ២ និងឈានដល់ការឃាត់ខ្លួនបានបក្ខពួករបស់គេម្នាក់ទៀត ។
ជនរងគ្រោះឈ្មោះ យិន យ៉ាត់ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ រត់រ៉ឺម៉ក មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។ សម្ភារៈបាត់បង់ៈ ម៉ូតូមួយគ្រឿង ម៉ាកវ៉េវ អេស ស៊េរីចាស់ គ្មានស្លាកលេខ ( ម៉ូតូសណ្តោងរ៉ឺម៉ក )។
លោកស្នងការបន្តថាជនសង្ស័យចំនួន ០២នាក់ ទី១-ឈ្មោះ ហឺម ចាន់រ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ( ជនដៃដល់ ) ទី២-ឈ្មោះ ម៉ៅ ប៊ុនថា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនបិតប្រាកដ ( បក្ខពួកសមគំនិត ) ។
វត្ថុតាងចាប់យកបាន៖ម៉ូតូ ០១គ្រឿង ម៉ាក វេវ អេស ស៊េរីចាស់ គ្មានស្លាកលេខ ( ផលនៃអំពើលួច ) ម៉ូតូ ០១គ្រឿង ម៉ាក អ៊ែរប្លែត ពណ៌ក្រហម-ស គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន(ផលនៃអំពើលួច)។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕