បន្ទាយមានជ័យ ៖ នាងក្រមុំម្នាក់ ព្រោះតែតូចចិត្តខឹងនិងម្តាយស្តីបន្ទោស បានយកថ្នាំពុលមកផឹកសម្លាប់ខ្លួនឯងបង្ក ឲ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ស្ត្រីដែលបាន ផឹកថ្នាំពុលសម្លាប់ខ្លួន ឈ្មោះហ៊ន ស្រីល័ក្ខ អាយុ២៣ឆ្នាំ នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។នៅមុនបពេលស្ត្រីរងបានដើរចេញពីផ្ទះរបស់ខ្លួនទៅតូបបងថ្លៃ របស់នាងដើម្បីទិញ ទឹកសុទ្ធ ពេលដែលលើកទឹកផឹកស្រាប់នាងមានអាការៈក្អួត ។ ពេលនោះបងថ្លៃក៏បានសួរថាអាល័ក្ខស្រវឹងស្រាមែន នាងបានប្រាប់ថាអត់ទេ គឺនាងផឹកថ្នាំសម្លាប់សត្វកណ្តុរ ។
ពេលនោះឈុន មករា ក៏រត់ទៅហៅឪពុកម្ដាយក្មេក ត្រូវជាម្តាយស្រីល័ក្ខហើយក៏នាំគ្នាបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ បន្ទាប់មកពេទ្យស្រុកព្រះនេត្រព្រះពិនិត្យរួចហើយបានអោយក្រុមគ្រួសារយកជនរងគ្រោះទៅមន្ទីរពេទ្យស្រុកមង្គលបូរី តែក្រុមគ្រួសារជនរងគ្រោះដឹកយកទៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណដើម្បីជួយសង្គ្រោះ បន្ទាន់ តែជាអកុសល នាងបានបាត់បង់ជីវិតនៅម៉ោង០០និង៣០នាទីឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅបន្ទីពេទ្យបង្អែកក្រុងសិរីសោភ័ណ។
លោកអធិការបានបញ្ជាក់ទៀតថាតាមការសាកសួរព័ត៌មាន ក្នុងក្រុមគ្រួសារ បានប្រាប់សមត្ថកិច្ចថា៖មូលហេតុដែលដាច់ចិត្តសម្លាប់ខ្លួន ដោយសារតែឈ្មោះស្រីល័ក្ខ ដើរលេងពេលថ្ងៃ ពេលល្ងាច បានត្រឡប់មកផ្ទះ ហើយត្រូវម្តាយស្តីបន្ទោស បច្ចុប្បន្នសពត្រូវបានធ្វើបុណ្យតាមប្រពៃណី ៕